ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា មានយានយន្តជិតកន្លះលានគ្រឿងមិនទាន់ទៅឡើងឆៀក

BY
srey nuch
March 29, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបថា នៅមានយានយន្តជិតកន្លះលានគ្រឿង ដែលមិនទាន់ទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬហៅថាឆៀក។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលឆៀក សាខាពោធិ៍សែនជ័យ-អូដឹម តាមបណ្តោយផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកយានយន្តទៅឆៀកឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការខាតបង់ ឬប្រឈមមុខនឹងការពិន័យ និងដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ការពិន័យចំពោះឆៀក រថយន្ត គឺដាច់ដោយឡែកពីសមត្ថកិច្ចដោយការផាកពិន័យរបស់សមត្ថកិច្ចទៅលើរថយន្តហួសសុពលភាពឆៀក និងមិនព្រមទៅធ្វើឆៀកចំពោះរថយន្តធុនស្រាលចំនួន ១៨ម៉ឺនរៀល និងរថយន្តធុនធ្ងន់ចំនួន ៣៧ម៉ឺន៥ពាន់រៀល។

ដោយឡែក ការពិន័យចំពោះឆៀករថយន្ត ដោយក្រសួង សាធារណការ និងដឹកជញ្ជូន គឺគិតតាមថ្ងៃដោយក្នុងមួយថ្ងៃ ចំនួន៥០០ រៀល សម្រាប់រថយន្តធុនតូច ឬស្រាល និងរថយន្តធុនធំ ឬធ្ងន់ ក្នុងតម្លៃ ២.០០០រៀល ក្នុងមួយថ្ងៃ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបានបង្កើតមជ្ឈមណ្ឌលផ្តល់សេវាសាធារណៈទៅលើផ្នែកឆៀកយានយន្ត ការចុះបញ្ជីយានយន្ត ការធ្វើបណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិយានយន្ត ជាច្រើនកន្លែង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលទៅប្រើប្រាស់។ ជាមួយគ្នានេះ ក៏បានបង្កើតប្រព័ន្ធអនឡាញ សម្រាប់ឱ្យប្រជាពលរដ្ឋចូលទៅប្រើមុននឹងយកយានយន្តទៅកាន់ទីតាំងចុះ បញ្ជី ឬឡើងឆៀក ប្រកបដោយភាពងាយស្រួង រហ័ស និងចំណេញពេលវេលា។ ឯកឧត្តម ឱ្យដឹងថា ក្រសួងគ្រោងពង្រីកមជ្ឈមណ្ឌលសេវាសាធារណៈលើផ្នែកដឹកជញ្ជូនផ្លូវគោកឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀតទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: