លោកយាយម្នាក់អាយុ១១៨ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមគ្រូពេទ្យ ដូចបំណងហើយ
ក្រោយពីទទួលព័ត៌មានថា មានលោកយាយម្នាក់អាយុ១១៨ឆ្នាំ នៅខេត្តឧត្តរមានជ័យ ចង់ចាក់វ៉ាក់សាំងកូវីដ-១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចាត់ចែងធ្វើការស្វែងរកលោកយាយនៅខេត្តឧត្តរមានជ័យ តែមានព័ត៌មានថាលោកយាយធ្វើដំណើរទៅរស់នៅខេត្តក្រចេះ ហើយក៏តាមស្វែងរកលោកយាយបន្តទៀត ទីបញ្ចប់ ក្រុមគ្រូពេទ្យខេត្តក្រចេះ បានរកគាត់ឃើញនៅកោះញែក ខេត្តមណ្ឌលគីរី ដោយលោកយាយបានទៅរស់នៅជាមួយកូនទីនោះ។

នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យខេត្តមណ្ឌលគីរី ក៏បានស្ពាយយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនលោកយាយតាមបំណងប្រាថ្នារបស់លោកយាយរួចរាល់ហើយដែរ។ លោកជំទាវរដ្ឋលេខាធិការសូមសំដែងអំណរសាទរជូនលោកយាយ និងសូមគោរពជូនពរលោកយាយ សូមលោកយាយមានសុខភាពល្អ ទទួលបានពរជ័យសិរីសួស្តី សេចក្តីសុខចម្រើន ពីទេវត្តាឆ្នាំថ្មី និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩៕
