កូវីដ-១៩

ទៅដល់ជប៉ុនហើយ! ប្រទេសជប៉ុនរកឃើញករណីដំបូងនៃជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងប្រភេទថ្មី XE

BY
autoadmin
April 12, 2022

ក្រសួង​សុខាភិបាល​ជប៉ុន ​បាន​បញ្ជាក់​ពី​ករណី​ជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ប្រភេទ​ XE ដែលជាករណីដំបូងបំផុត ដែលខ្លួនបានរកឃើញនៅក្នុងប្រទេសនេះ។ ក្រសួងបាននិយាយថា អ្នកជំងឺគឺជាស្ត្រីម្នាក់ដែលមានអាយុ ៣០ឆ្នាំ ត្រូវបានគេរកឃើញថា បានឆ្លងមេរោគ XE បន្ទាប់ពីគាត់បានមកដល់ប្រទេសជប៉ុនពីសហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ ស្ត្រី​រូប​នេះ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ COVID-19 នៅ​អាកាសយានដ្ឋាន Narita ក្បែរ​ទីក្រុង​តូក្យូ។ ក្រោយមកវិទ្យាស្ថានជាតិនៃជំងឺឆ្លងបានរកឃើញវត្តមាន XE តាមរយៈការធ្វើតេស្តតាមលំដាប់លំដោយហ្សែន ដោយប្រើសំណាកដែលប្រមូលបាន។

ប្រភពបាននិយាយថា ស្ត្រី​នោះ​មិន​មាន​ចេញរោគ​សញ្ញា​អ្វី​ឡើយ ហើយគាត់បានស្នាក់នៅកន្លែងព្យាបាលអ្នកជំងឺឆ្លង តាមសំណើរបស់ក្រសួងសុខាភិបាល ហើយបានចាកចេញពីកន្លែងនោះ ក្រោយ ៩ ថ្ងៃបន្ទាប់ពីគាត់បានមកដល់ប្រទេសជប៉ុន។ គួរឱ្យដឹងដែរថា XE ជាការរួមបញ្ចូលគ្នានៃប្រភេទ BA.1 និង BA.2 ដែលជាប្រភេទឆ្លងលឿនបំផុតរបស់វ៉ារ្យ៉ង់អូមីក្រុង។ មេរោគថ្មីនេះ កំពុងវាយប្រហារលើ​ប្រទេស​អង់គ្លេស និង​ប្រទេស​ផ្សេង​ទៀត ខណៈអាជ្ញាធរសុខាភិបាលអង់គ្លេសបានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយថា អត្រាឆ្លងរបស់ XE គឺលឿនជាង BA.2 ដល់ទៅ ១២.៦% ឯណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: