ភ្ញៀវទេសចរបានបង្ហាញសេចក្តីសប្បាយរីករាយ នៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្ហាញនូវក្តីសប្បាយរីករាយ នៅពេលដែលបានមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក្រោយពេលឃើញមានការរៀបចំកែលម្អដោយអាជ្ញាធរជាតិអប្សរា។

លោក សេង លន ជាភ្ញៀវទេសចរមកពីក្រុងភ្នំពេញ បានឱ្យដឹងថា លោកមានអារម្មណ៍រំភើប នៅពេលដែលបានមកលេងរមណីយដ្ឋានអង្គរនាពេលនេះ ពីព្រោះទេសភាពបៃតងនៅពេលដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល ហើយឆ្នាំនេះមានភ្ញៀវទេសចរមកកម្សាន្តច្រើន ក្រោយពេលរាជរដ្ឋាភិបាលបើកដំណើរការទេសចរឡើងវិញ។
លោកក៏បានសំណូមពរដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងរមណីយដ្ឋានអង្គរទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថាន ពិសេសចូលរួមទុកដាក់សំរាមដែលខ្លួនបានប្រើប្រាស់រួចហើយឱ្យបានត្រឹមត្រូវ និងចូររួមអនុវត្តន៍ទៅតាមក្រមប្រតិ្តបត្តិអង្គរ ដើម្បីចូលរួមលើកតម្លៃវប្បធម៌ជាតិយើង។
ចំណែកលោក ឡេក គឹមលីន អនុប្រធានភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ គឺមានភ្ញៀវទេសចរចូលទស្សនាតំបន់រមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ ដែលកន្លងមកទីនេះធ្លាប់តែមានភាពស្ងាត់ស្រងំ ដោយសារវិបត្តិនៃជំងឺ១៩ ហើយទិដ្ឋភាពទាំងនេះបាននាំមកនូវក្តីសប្បារីករាយ ដែលរមណីយដ្ឋានអង្គរនៅតែជាគោលដៅទេសចរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកក៏បានសំណូមពរឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ចូលរួមថែរក្សាអនាម័យ កុំបោះចោលសំរាមពាសវាលពាសកាល កុំដើរជាន់ស្មៅនាំឱ្យបាត់បង់នូវភាពបៃតងខ្ចី ពិសេសចូរគោរពទៅតាមក្រមប្រត្តិបត្តិអង្គរ ដោយការចូលរួមស្លៀកពាក់ឱ្យបានសមរម្យ ដើម្បីលើកលម្លៃវប្បធម៌ជាតិ។
សូមបញ្ជាក់ថា ដើម្បីរមណីយដ្ឋានអង្គរ មានភាពបៃតង ក្រុមការងារគ្រប់ផ្នែកទាំងអស់ ជាពិសេសផ្នែកអនាម័យបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានបង្កើនសកម្មភាពទេ្វដង ដើម្បីធ្វើការសម្អាតអនាម័យបរិស្ថាន ជាពិសេសការងារប្រមូលសំរាម នៅតំបន់រមណីយដ្ឋានអង្គរ ខណៈពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនបានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ៕







