ទីក្រុងសៀងហៃបានរាយការណ៍ពីមរណភាពដំបូងដោយសារជំងឺកូវីដ១៩ ចាប់តាំងពីការចាប់ផ្តើមនៃការបិទខ្ទប់របស់ខ្លួន
- BY
- autoadmin
- April 18, 2022
ប្រទេសចិននៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ បាននិយាយថា មានពលរដ្ឋ ៣ នាក់ប៉ុណ្ណោះ ដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅទីក្រុងសៀងហៃ ចាប់តាំងពីការបិទខ្ទប់ដ៏ឃោរឃៅបានចាប់ផ្តើមកាលពីខែមុន ទោះបីជាទីក្រុងនេះបានកត់ត្រាករណីថ្មីៗរាប់ពាន់ក៏ដោយ។ អាជ្ញាធរបាននិយាយថា ការស្លាប់ដំបូងនៅទីក្រុងសៀងហៃ ដែលជាការផ្ទុះឡើងដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីរលកនៃការឆ្លងនៅទីក្រុង Wuhan ជាង ២ ឆ្នាំមុន គឺជាមនុស្សចាស់ ៣ នាក់ ដែលមានអាយុចន្លោះពី ៨៩ ដល់ ៩១ឆ្នាំ ហើយពួកគាត់សុទ្ធតែមានបញ្ហាសុខភាពជាមូលដ្ឋាន។

ទីក្រុងប៉េកាំងទទូចថា គោលនយោបាយគ្មានកូវីដ ដោយការបិទខ្ទប់ ការធ្វើតេស្តទ្រង់ទ្រាយធំ និងការដាក់ឱ្យនៅដាច់ពីគេរយៈពេលវែង បានចូលរួមទប់ស្កាត់ការស្លាប់ និងជៀសវាងវិបត្តិសុខភាពសាធារណៈ ដែលបញ្ហាទាំងនេះធ្លាប់បានលេបត្របាក់ប្រទេសជាច្រើនក្នុងពិភពលោក។ ប៉ុន្តែមនុស្សមួយចំនួនបានសង្ស័យលើតួលេខផ្លូវការរបស់ប្រទេសនេះ ដោយសារវាមានអត្រាអ្នកទទួលថ្នាំបង្ការទាប ក្នុងចំណោមប្រជាជនវ័យចំណាស់របស់ខ្លួន។ បើយើងមើលទៅទីក្រុងហុងកុងវិញ ទីក្រុងនេះមានចំនួនអ្នកស្លាប់រហូតដល់ ៩,០០០ នាក់ ដោយសារជំងឺ COVID-19 ចាប់តាំងពីវ៉ារ្យ៉ង់អូមីក្រុង បានកើនឡើងជាលើកដំបូងក្នុងខែមករា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






