ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកវិធានការពលរដ្ឋត្រូវមានវ៉ាក់​សាំងយ៉ាងតិច៣​ដូស​ក្នុង​ខ្លួន​ ដើម្បីងាយស្រួលដល់ការបើកប្រទេស​គ្មានការត្រឡប់ក្រោយ​នូវការបើកសេដ្ឋកិច្ច-សង្គម

    BY Khmernote Media April 25, 2022
    សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកវិធានការពលរដ្ឋត្រូវមានវ៉ាក់​សាំងយ៉ាងតិច៣​ដូស​ក្នុង​ខ្លួន​ ដើម្បីងាយស្រួលដល់ការបើកប្រទេស​គ្មានការត្រឡប់ក្រោយ​នូវការបើកសេដ្ឋកិច្ច-សង្គម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស​យក​វិធានការធ្វើយ៉ាងណាប្រជាពលរដ្ឋត្រូវមានវ៉ាក់សាំងយ៉ាងតិច៣ដូស ក្នុងខ្លួនគ្រប់ៗគ្នា ដើម្បី​បង្កើតនូវភាពស៊ាំសហគមន៍ឱ្យបានកាន់តែខ្ពស់ ក៏ដូចជា ឈានឆ្ពោះទៅរកការបន្ធូរ​បន្ថយទាំង​ស្រុង ឬមួយផ្នែកធំនៃវិធានការសុខាភិបាល និងងាយស្រួលទៅដល់ការបើកទាំង​ស្រុងដោយ​គ្មានការត្រឡប់ក្រោយនៃការបើកសេដ្ឋកិច្ច-សង្គម ឡើងវិញនោះ។

    ក្នុងសារពិសេសជាសំឡេង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចាប់តាំងពីមុនចូលឆ្នាំខ្មែរហូតមដល់ពេលនេះ យើងបានពិនិត្យ​ឃើញថា ភាពស៊ាំសហគមន៍ បាននាំទៅដល់កម្រិតនៃការឆ្លងតិចតួចតាំងពីមុនចូល​ឆ្នាំរហូត​មកដល់ក្រោយចូលឆ្នាំនៅត្រឹមថ្ងៃនេះ ពុំមានសញ្ញាណានៃការកើនឡើងនៃការរីករាល​ដាល​នៃការឆ្លងនោះទេ។ បន្ទាប់ពីការប្រកាសឱ្យខេត្តចំនួន៤ បានសម្រេចចិត្តដោយប្រជាជន​ខ្លួន​ឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាសដែលមិនមែនជាកាតព្វកិច្ចទៀតនោះ យើងកំពុងតែពិនិត្យ​អំពីការដាក់បន្ថែមនៅខេត្ត ឬដែនដីក្នុងខេត្តខ្លះថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋរបស់យើង ទៅលើការទិញម៉ាសសម្រាប់ការពាក់។ វិធានការអស់ទាំងនេះ វាសំខាន់ក៏បានមកពីភាពស៊ាំសហគមន៍ តាមរយៈការចាក់វ៉ាក់សាំង​បាន២ដូសរួចរាល់។

    សម្ដេចតេជោបានគូសបញ្ជាក់ថា «ប៉ុន្តែអ្វីដែលជាតម្រូវការដើម្បី​ឈាន​ទៅសម្រេចនៃភាពស៊ាំសហគមន៍ និងដើម្បីកាត់បន្ថយនៅការបន្ធូរបន្ថយនូវវិធានការសុខា​ភិបាល ដូចជាបញ្ហាការជួបជុំ ឬបញ្ហាការពាក់ម៉ាសជាដើម សំខាន់ស្ថិតនៅលើភាព​ស៊ាំសហ​គមន៍ដោយវ៉ាក់សាំង ហើយដែលខ្ញុំព្រះករុណា ខ្ញុំ សូមប្រកាសយកវិធានការធ្វើយ៉ាង​ណា​ប្រជាជនកម្ពុជាហោចបំផុតឱ្យមានវ៉ាក់សាំង៣ដូសក្នុងខ្លួនគ្រប់ៗគ្នា»។

    សម្ដេចតេជោបាន​លើក​ឡើងថា មកដល់ពេលនេះ វ៉ាក់សាំងដូសទី៣ទើបនឹងចាក់បានចំនួនជាង ៨លាននាក់​តែប៉ុណ្ណោះ។ ដូច្នេះហើយនៅមានការខ្វះខាតចំនួនប្រមាណជាង៦លាននាក់ទៀត​ដែលយើង​ត្រូវការចាក់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំចំពោះគណៈកម្មការ​ចំពោះ​កិច្ចសម្រាប់ការចាក់វ៉ាក់សាំង ដើម្បីផ្ដោតការយកចិត្តទុកដាក់ទៅលើទីកន្លែងដែលមាន​មនុស្ស​ច្រើន នោះគឺពាក់ព័ន្ធជាមួយនឹង កម្មករ កម្មការិនី នៅតាមរោងចក្រ កម្មករ កម្មការិនី សំណង់ អ្នករកស៊ីក្រៅប្រព័ន្ធ ក៏ដូចជា អាជីវករ អ្នកលក់ដូរនៅតាមផ្សារ ជាដើម ដែលងាយនឹងឆ្លង ដោយខិតខំប្រមូលផ្ដុំកម្លាំងដើម្បីចាក់វ៉ាក់សាំងជូនអ្នកទាំងនោះ។

    សម្ដេចតេជោអះអាងថា ធ្វើយ៉ាងដូច្នេះ គឺយើងនឹងបង្កើតបាននូវភាពស៊ាំសហគមន៍បានកាន់តែខ្ពស់ ការលើកលែង​អំពីការប្រើម៉ាស់ និងតម្រូវការមួយចំនួនផ្សេងទៀត ទាក់ទងជាមួយនឹងវិធានការសុខាភិបាល ក៏ត្រូវបានបន្ធូរបន្ថយ ដែលជាការកាត់បន្ថយនូវការចំណាយមួយចំនួនពីសំណាក់ប្រជាពល​រដ្ឋរបស់យើង ដែលយើងធ្លាប់តែបានធ្វើក្នុងរយៈពេលកន្លងទៅ ហោចណាស់ក្នុងវិធានការ ៣កាពារ និង៣កុំ ជាពិសេស៣ការពារ យើងអាចដកហូតបាននូវការពាក់ម៉ាស់ ឬក៏អាចនឹង​ការកាត់បបន្ថយគម្លាត អំពីបញ្ហាគម្លាត វាមានការចាំបាច់ ឬមិនមានការចាំបាច់យ៉ាងណានោះ វាក៏អាស្រ័យទៅលើបញ្ហាទាក់ទិនជាមួយនឹងរឿងភាពស៊ាំសហគមន៍។

    សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «យើងបានឃើញថាក្នុងរយៈពេលបុណ្យចូលឆ្នាំនេះ បងប្អូនយើងប៉ះពាល់គ្នាច្រើនណាស់ ក៏ប៉ុន្តែមិនមានការឆ្លងទេ។ អីចឹងទេ បញ្ហាវិធានការផ្នែក​សុខាភិបាល ខ្ញុំទុកជូនផ្នែកសុខាភិបាលធ្វើការណែនាំបន្តបន្ទាប់ពីការដកម៉ាសចេញហើយ​នោះ»។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា« ប៉ុន្តែអ្វី ដែលខ្ញុំសូមអំពាវនាវចំពោះ​ប្រជាពលរដ្ឋ​របស់យើង មិនថាកម្មករ កម្មការិនីទេ ប្រជាជនទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវតែបានចាក់វ៉ាក់សាំងដូសទី៣ ជាការចាំបាច់ នេះជាការតម្រូវដើម្បីឈានឆ្ពោះទៅរកការ​បន្ធូរបន្ថយទាំងស្រុង ឬមួយផ្នែកធំនៃវិធានការសុខាភិបាល សម្រាប់ការពារការឆ្លងនូវជំកូវីដ​១៩»។

    សម្ដេចតេជោបានស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន សហការគ្រប់កម្លាំងទាំង​អស់បើក​យុទ្ធនាការ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី នៅគ្រប់រាជធានី ខេត្ត ដែលមានរោង​ចក្រសហគ្រាស ដែលមានកម្មករសំណង់ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកដែលរកស៊ី​ទាំងឡាយណា ដែលងាយរងនៅហានិភ័យ ធ្វើយ៉ាងម៉េចឱ្យពួកគាត់បានដូសទី៣ ជាចាំបាច់ ហើយបើសិនជាគាត់បានទទួលដូសទី៤ ក៏កាន់តែប្រសើរ។ ប៉ុន្តែអ្វីដែលជាសំណូមពរ​អប្បបរមារ​បស់សម្ដេចគឺសំណូមពរដ៏ទាបបំផុតនោះ គឺដូសទី៣។

    សម្ដេចតេជោបានបន្ថែមថា «ដូច្នេះសូមបង​ប្អូនជនរួម​ជាតិ​ស្ម័គ្រចិត្តមកចូលចាក់វ៉ាក់សាំង ហើយអ្នកដែលត្រូវចាក់ ខ្ញុំបាន​ណែនាំលោកជំទាវ ឱ វណ្ណឌីន អំពីការអនុវត្តវិធានការចាក់វ៉ាក់សាំងជូនបងប្អូន ទោះបីថា​ពេលវេលាមិនទាន់គ្រប់ ក៏យើងអាចចាក់បាន ដើម្បីយើងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវអ្វី​ដែល​យើងមាននៅក្នុងដៃ ដើម្បីពង្រឹងភាពស៊ាំសហគមន៍ និងដើម្បីងាយស្រួលទៅដល់ការបើកទាំ​ងស្រុង ហើយដោយគ្មានការត្រឡប់ក្រោយនូវការបើកសេដ្ឋកិច្ច-សង្គម ក្នុងពេលវេលាដែល​យើង​រៀនរស់នៅជាមួយកូវីដ១៩»។

    សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា យើងមិនមានអ្នកស្លាប់ និង​អ្នកឆ្លងច្រើនទេ ដូច្នេះយើងអាចជំរុញដំណើរការរបស់យើងទៅមុខទៀតបាន​សំខាន់គឺការ​ចូលរួមពីសំណាក់ប្រជាពលរដ្ឋរបស់យើងទទួលយកវ៉ាក់សាំង។ បន្ថែមជាមួយគ្នានេះ គឺការ​ចាត់ចែងពីគណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងទូទាំងប្រទេស គឺប្រើប្រាស់​កម្លាំង​ឱ្យត្រូវ ដើម្បីយុទ្ធនាការចាក់វ៉ាកសាំដូសទី៣នេះទទួលបានជោគជ័យ ដោយយកចិត្ត​ទុក​ដាក់សម្រាប់និស្សិត យុវវ័យ សិស្សានុសិស្ស និងកុមារ។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​​មាន​វ៉ាក់សាំងយ៉ាតិច៣ដូសនៅក្នុងខ្លួន ដើម្បីការពារជំងឺដ៏កាចសាហាវនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: