ព័ត៌មានជាតិ
ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគរវាងកំពង់ផែស្វយ័តភ្នំពេញ (ភាគទុន៥១ភាគរយ) និងក្រុមហ៊ុន PTLS Co., LTD (ភាគទុន៤៩ភាគរយ) ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ ១២លានដុល្លារអាម៉េរិក។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៨៥ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមិថុនា និងបើកឱ្យដំណើរការប្រើប្រាស់កំឡុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដែលអាចផ្ទុកទំនិញបានពី ៦ម៉ឺន ទៅ ៩ម៉ឺន TEUs ក្នុង១ឆ្នាំ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែវ កំពត កែប មានចម្ងាយ ១៦៨គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសិក្សាការស្ដារផ្លូវទឹក និងពិនិត្យមើលលទ្ធភាពធ្វើផ្លូវទឹកនេះថាធ្វើបាន ឬមិនបាន ដោយការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបបន្ថែម នេះគឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកាក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ការរៀបចំផែនការស្ដារផ្លូវទឹកទន្លេបាសាក់ ក៏ដូចជាការរៀបចំរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជាជំហានមួយដែលជួយបង្កើនការដឹកជញ្ជូននៅតាមផ្លូវទឹកឱ្យបានច្រើន ហើយការសាងសង់ពង្រីកផែរណបមួយចំនួនទៀត នេះគឺជាជំហានដ៏ធំមួយដែលជួយបង្កើន ការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន និងពង្រីកវិស័យភ័ស្តុភារកម្មរបស់កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។ គម្រោងប្រព័ន្ធផ្លូវទឹក និងភ័ស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍពហុវិស័យដូចជា លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនអន្តរកម្ម ដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះនឹងជួយជំរុញ និងពន្លឿនការអភិវឌ្ឍ នគរូបនីយកម្មទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅកម្ពុជា និរន្តរភាពកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំកំពង់ផែ បុគ្គលិក មន្ត្រី ក្រុមប្រឹក្សាភិបាលដែលមានគំនិតផ្ដួចផ្ដើម បានខិតខំប្រឹងប្រែងស្វែងរកដៃគូផ្នែកឯកជន សហការគ្នាបានយ៉ាងល្អ ហើយការចូលរួមពីវិស័យឯកជនជាមួយវិស័យរដ្ឋក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺជាការបង្កើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនផងដែរ ៕













ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូក សរុប ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាតបូកសរុប ការ ងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ធ្វើឡើងរយៈ ពេល៤ថ្ងៃចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី២៤ខែមីនាឆ្នាំ ២០២៣។សន្និបាតនេះ មានការអញ្ជើញ ចូល រួមពីថ្នាក់ដឹកនាំក្រសួ ងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ប្រ ធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ និងកសិករផងដែរ។ វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈ សំខាន់មួយសម្រាប់ទ្រទ្រង់ដល់ការរស់នៅ និងជំរុញសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកឱកាសនេះ ធ្វើការក្រើន រំលឹក និងដាក់ចេញនូវ អនុសាសន៍មួយ ចំនួន ដើម្បីជំរុញលើការងារកសិកម្ម ។ បើតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងថ្ងៃបើកសន្និបាតនោះថា សន្និបាតនេះ ជាការចូលរួមសមូ ហភាពពីថ្នាក់ដឹកនាំ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ កសិករ រួមគ្នាកំណត់ទិសដៅកសិកម្ម ដោយមិនគ្រាន់តែ ជាការ បូក សរុបនោះទេ។ ការបូកសរុបទៀត សោត គឺត្រូវចេញជាលទ្ធផលស្តាប់បាន យល់បាន និងចាំបាន ដោយឱ្យសាធារណ ជនដឹងពីសមិទ្ធផលក្រសួងសម្រេចបាន និងចូលរួមអបអរសាទរ។
ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានគូស បញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសកលក៏ដោយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ ផលិតកម្មដំណាំ សម្រេច បានចំនួន ៣៤.៧១លានតោន ក្នុងនោះដំណាំស្រូវចំនួន ១១.៦២លានតោន ដោយ មានអតិរេក (សល់) ៦.២៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤.៤២លានតោន និង ដំណំាឧស្សាហកម្មចំនួន ១៨.៦៧លានតោន។
ចំពោះការនាំចេញជាផ្លូវការនូវផលិតផលកសិកម្ម ដោយសម្រេចបានលទ្ធផលសរុបជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨.៦ លានតោន ទៅ កាន់ ទិសដៅ ៧៤ ប្រទេស កើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១ (៧.៩លានតោន) ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៣៧ពាន់តោន កើនឡើង ៣.២៣ភាគរយ ធៀបឆ្នាំ២០២១ (៦១៧ពាន់តោន) និងកសិ ផលក្រៅពីស្រូវ អង្ករសម្រេច បាន ៥.៧៨ លានតោន កើនឡើង ១១.៦% ធៀបឆ្នាំ ២០២១(៥.០១លានតោន)។ ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២ ភាគ រយ ក្នុងផលិតផលសរុបក្នុង ស្រុក ។
ដោយឡែក ផលិតផលកៅស៊ូសម្រេចបានចំនួន ៣៨២ពាន់តោន កើនឡើង ៣.៨ ភាគរយ ធៀបឆ្នាំ២០២១។ ការនាំ ចេញកៅស៊ូ សម្រេចបានជាង ៣៧២ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥២៧.៧៧ លានដុល្លារអាមេរិក កើនឡើង១.៨១ ភាគរយ ធៀបឆ្នាំ ២០២១។ ចំពោះវិស័យផលិតកម្មសត្វនៅតែបន្តធានាបានការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ សម្រាប់បំពេញតម្រូវការរបស់ប្រជាពល រដ្ឋ។ ក្នុងឆ្នាំ២០២២ ផលិតកម្មសត្វសរុបសម្រេចបាន ៦៥.២០លានក្បាល កើន ឡើង ៨.៨ភាគរយ ធៀបឆ្នាំ២០២១ ក្នុងនោះ ការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងដល់ ៤១ភាគរយ ស្មើនឹង ២៦.៥៦លានក្បាល។ ការអភិវឌ្ឍវារីវប្ប កម្មគ្រប់រូបភាពត្រូវបានជំរុញ ដើម្បីធានាបាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល និងរក្សា បានតុល្យភាពតម្លៃទីផ្សារ។ ផលនេសាទ និងវារីវប្បកម្មសម្រេចបានជាង ៨៦២ពាន់តោន ក្នុងឆ្នាំ២០២២ កើនឡើង ០.៦៨ភាគរយ ធៀបឆ្នាំ២០២១។
ពាក់ព័ន្ធនឹងអនុវិស័យព្រៃឈើ ក្រសួងបានសហការជាមួយស្ថាប័នស្រាវជ្រាវជាតិ-អន្តរជាតិ និងបានកត់ត្រា ឃើញនូវប្រភេទរុក្ខជាតិ និងសត្វព្រៃថ្មីៗមួយចំនួនថែម ទៀត ដូចជា កេសរកូល ២៥ប្រភេទ, រុក្ខជាតិផ្សេងៗ ៤៥០ប្រភេទ, ថនិកសត្វតូចៗ និងប្រចៀវ-ជ្រឹង ៧៩ប្រភេទ, បក្សី ១០៨ប្រភេទ, ឧរង្គសត្វ (ល្មូន) ២៥ប្រភេទ, ថលជលិកសត្វ (សត្វរស់ក្នុងទឹក និងលើគោកបាន) ២៥ប្រភេទ និងបាណកសត្វ និងសត្វឥតឆ្អឹងកង (សត្វល្អិត) ១៥០ប្រភេទ៕

ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅពេលយប់ នៅបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅបណ្ដាសង្កាត់ចំនួន ៥ ដូចខាងក្រោម៖

១. នៅយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៨០០មម ទៅ ២៥០មម នៅលើផ្លូវលេខ៥៥P នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២. នៅយប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ៦០D សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣. នៅយប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦៣មម នៅលើផ្លូវលេខ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៤. នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ២៩CC កែងនឹងផ្លូវលេខ១៤២CC សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥. នៅយប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦០០មម នៅលើផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥៥P សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ ៕





ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority