ព័ត៌មានជាតិ

ក្រសួងសាធារណការ កំពុងរៀបចំធ្វើវីឌីអូខ្លីអប់រំអំពីការប្រើប្រាស់ផ្លូវល្បឿនលឿន

BY
srey nuch
April 28, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងធ្វើស្ពតវីឌីអូខ្លី ដើម្បីអប់រំផ្សព្វផ្សាយ អំពីការប្រើប្រាស់ផ្លូវល្បឿនលឿន តាមរយៈការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់ និងការប្រើប្រាស់ផ្លូវឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការនិងដឹងជញ្ជូន បានឱ្យដឹងថា ក្រសួងបាននិងកំពុងរៀបចំធ្វើស្ពតវីឌីអូអប់រំដែលទាក់ទងនឹងច្បាប់ចរាចរណ៍ដើម្បី ចាក់ផ្សាយនៅតាមទូរទស្សន៍ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងសីហនុ ក្នុងការបើកបរតាមលក្ខណៈបច្ចេកទេសដែលបានកំណត់ខណៈផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ គ្រោងបើកឱ្យដំណើរការសាកល្បងនៅខែកក្កដាខាងមុខនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរដឹកនាំប្រតិភូ ព្រះសង្ឃ មន្ត្រីរាជការ និងនិស្សិត ចុះពិនិត្យ និងស្វែងយល់ពីទីតាំងភូមិសាស្ត្រនៃផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការធ្វើស្ពតវីឌីដូអប់រំនេះឡើងក្នុងគោលបំណងចង់ឱ្យប្រជាពលរដ្ឋគាត់យល់ដឹងឱ្យបានកាន់តែច្បាស់ពីផ្លូវល្បឿនលឿននេះ ដោយសារកន្លងមកប្រទេសកម្ពុជាយើងមិនទាន់មានផ្លូវល្បឿនលឿនទេ គឺមានតែផ្លូវជាតិធម្មតា ដូច្នេះហើយទើបក្រសួងបានរៀបចំឱ្យមានស្ពតវីឌីអូអប់រំនេះឡើង។

«ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏កំពុងតែរៀបចំធ្វើស្ពតអប់រំចរាចរណ៍ចាក់ផ្សាយនៅតាមទូរទស្សន៍ ដើម្បីផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋ លោកយល់អំពីការប្រើប្រាស់ផ្លូវល្បឿនលឿន បើបើកយឺតយើងត្រូវតែនៅគន្លងខាងស្ដាំ បើកលឿននៅខាងឆ្វេង ហើយឡានខូចអាចចុះចតនៅខាងស្តាំមានកន្លែងចត អ៊ីចឹង យើងត្រូវតែដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿន នេះសំខាន់ណាស់ ចង់ឱ្យបងប្អូនលោកត្រូវតែស្គាល់ត្រូវយល់អំពីការប្រើប្រាស់ផ្លូវល្បឿនលឿន»។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារ សហរដ្ឋអាមេរិកមានគន្លងផ្លូវចំនួន៤គន្លង។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន៥ម៉ោងមកត្រឹមតែ២ ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: