ព័ត៌មានជាតិ

ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកត្រៀមបើកឲ្យប្រើប្រាស់នៅពេលឆាប់ៗនេះ

BY
srey nuch
April 29, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ពានអាកាសថ្មើរ ជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក បានបញ្ចប់ការសាងសង់រួចរាល់ ដែលគ្រោងបើកឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ការដ្ឋាននេះស្ថាបនាបានរួចរាល់១០០%ហើយ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថាស្ពានអាកាសថ្មើរជើងមួយនេះបានរំលងលើមហាវិថីធំៗ ២ខ្សែនិងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។

យុវជន ហ៊ុន ពេជ្រធន់នរៈ សិស្សវិទ្យាល័យសន្ធរម៉ុក បានបង្ហាញពីការចាប់អារម្មណ៍ថា បន្ទាប់ពីមានស្ពានមួយនេះហើយពួកគេមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដោយជួយកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុនិង មិនបាច់រង់ចាំស្តុបមិនចំណាយពេលយូរដូចជាការពេលដែលមិនទាន់មានស្ពានអាកាស។ ហើយជាមួយគ្នានោះប្រជាពលរដ្ឋបានថ្លែង អំណរគុណដល់រាជរដ្ឋាភិបាលនិងគណៈអភិបាលរាជធានីភ្នំពេញដែលបានកសាងស្ពានអាកាសនេះឡើងដែលបានជួយសម្រួលដល់ការធ្វើដំណើរនៅជុំវិញតំបន់នេះឱ្យកាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវ ម៉ៅសេទុង ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជា ក្រោម២ខ្សែដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៤កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ក្រោមវត្តមានឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: