PR

អ្នកចូលរួមសិក្ខាសាលាស្តីពីការយល់ដឹងអំពីការជួញដូរសាច់សុនខ ក្នុងខេត្តសៀមរាប បានសន្យាថានឹងធ្វើការរួមគ្នាដើម្បីបញ្ឈប់ការជួញដូរសាច់សុនខនៅកម្ពុជា

BY
Liny Chan
May 12, 2022

ខេត្តសៀមរាប/ នៅថ្ងៃទី៦ ខែឧសភា អង្គការ ហ្វរផរ និងដៃគូបានរៀបចំនៅសិក្ខាសាលាស្តីពីការយល់ដឹងអំពីការជួញដូរសាច់សុនខ ក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយនៃពិព័រណ៍សត្វចិញ្ចឹមលើកដំបូងរបស់ខេត្តសៀមរាបផ្ទាល់។

ចាប់ពីខែកក្កដា ឆ្នាំ២០២០ទៅ ខេត្តសៀមរាប បានក្លាយជាខេត្តដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានចេញសេចក្តីជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ (ឆ្កែ)។

សិក្ខាសាលានេះមានការចូលរួមពីសំណាក តំណាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍។ សិក្ខាសាលានេះក៏មានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងថ្នាក់ដឹកនាំសាសនាផងដែរ។

អង្គសិក្ខាសាលាបានធ្វើការពិភាក្សាអំពីផលប៉ះពាល់នៃការជួញដូរសាច់សុនខនៅប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផលប៉ះពាល់មកលើសក្តានុពលនៃវិស័យទេសចរណ៍ និងសុខភាពមនុស្ស និងការឈឺចាប់ដែលមិនអាចនឹកស្មានដល់ចំពោះមនុស្ស និងសត្វ។ អង្គការ ហ្វរផរ ក៏បានជូនលិខិតថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប ព្រមទាំងអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខនៅក្នុងខេត្តរបស់ពួកគាត់ផ្ទាល់។ ក្នុងពេលអនាគត អង្គការ ហ្វរផរ គ្រោងនឹងសហការបន្ថែមទៀតជាមួយអាជ្ញាធរ ដោយមានគោលបំណងលុបបំបាត់ការជួញដូរសាច់សុនខ និងឆ្មាទូទាំងប្រទេសកម្ពុជា។
លោក Matt Backhouse ដែលជាប្រធានផ្នែកការថែទាំសត្វអនាថាក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ ហ្វរផរ បានមានប្រសាសន៍ថា “សិក្ខាសាលាមួយនេះគឺជាសិក្ខាសាលាដ៏ពិសេសមួយ។ បន្ទាប់ពីប្រឈមនូវបញ្ហាជុំវិញជំងឺកូវីដ-១៩ និងផលប៉ះពាល់មកកាន់ពិភពលោក យើងមានសេចក្តីសោមនស្សរីករាយយ៉ាងអនេកប្បការ ដែលបានឃើញពីការតតាំងយ៉ាងរឹងមាំឆ្ពោះទៅរកការបញ្ចប់អាជីវកម្មសាច់សុនខ និងឆ្មានៅកម្ពុជា។ ការលក់សាច់សត្វចិញ្ចឹមបានជះឥទ្ធិពលនៃផលប៉ះពាល់មកកាន់មនុស្ស និងសត្វផ្ទាល់ ម៉្យាងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល យើងសង្ឃឹមថាយើងទាំងអស់គ្នាអាចសហការគ្នាដើម្បីបញ្ចប់អាជីវកម្មមួយនេះឱ្យបានល្អ”។

តំណាងក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការបញ្ចប់អាជីវកម្មសាច់សុនខ និងឆ្មានៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។ លោកបានបន្តថា “វាជារឿងធម្មតាដែលភ្ញៀវទេសចរមិនចង់ឃើញ ហើយវាមានហានិភ័យខ្ពស់ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសយើងផ្ទាល់។ ក្រសួងទេសចរណ៍គឺទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់ការជួញដូរសាច់សុនខនេះ ដើម្បីផលប្រយោជន៍របស់កម្ពុជា ប្រជាជនផ្ទាល់ និងសហគមន៍អន្តរជាតិ»។

លោក ប៉ែន ប៊ុនធឿន ដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលានេះផងដែរ មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា “យើងមានការសប្បាយចិត្តដែលបានទទួលការទទួលការថ្លែងអំណរគុណពី អង្គការ ហ្វរផរ ។ យើងមានមោទនភាពដែលបានក្លាយជាខេត្តដំបូងគេក្នុងប្រទេសកម្ពុជាដែលចេញសេចក្តីជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ (ឆ្កែ) ហើយយើងនឹងសង្ឃឹមខ្ពស់ក្នុងការសហការគ្នាជាមួយ អង្គការ ហ្វរផរ និងដៃគូរបស់យើងនាពេលអនាគត ដើម្បីអនុវត្តសេចក្តីហាមឃាត់មួយនេះ។ យើងលើកទឹកចិត្តឱ្យខេត្តផ្សេងទៀត និងប្រជាជាតិទាំងមូលរួមរួបគ្នាក្នុងការប្រឆាំងអាជីវកម្មសាច់សត្វចិញ្ចឹមនេះ”។

លោក ប្រាក់ សុម៉ាធី នាយកជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានបន្ថែមថា “សត្វសុនខគឺជាចំណែកមួយដ៏សំខាន់នៃសង្គមយើង វាបានជួយសង្រ្គោះជីវិត ការពារយើង ហើយពួកវាក៏ជាចំណែកមួយក្នុងជីវិតរបស់យើងផ្ទាល់ផងដែរ។ សត្វសុនខគួរណាស់ត្រូវទទួលបានតម្លៃខ្ពស់ពីមនុស្សផងដែរ ពួកវាមិនសាកសមនឹងត្រូវបានគេសម្លាប់សម្រាប់យកសាច់មកជួញដូរនោះទេ ហើយពួកវាក៏សាកសមនឹងទទួលបានសេចក្តីស្រលាញ់ និងការអាណិតអាសូរពីមនុស្សផ្ទាល់។ ខ្ញុំសូមជំរុញឱ្យបងប្អូនប្រជាពលរដ្ឋផ្ទាល់ចាប់ដៃសហការគ្នាក្នុងការបញ្ឈប់នូវការជួញដូរសាច់សុនខ និងឆ្មា”៕

អង្គការ ហ្វរផរ ធ្វើការនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ជាមួយអាជ្ញាធរថ្នាក់ជាតិ និងមូលដ្ឋាន ដៃគូនិងអ្នកពាក់ព័ន្ធផ្សេងទៀតសម្រាប់ការបញ្ឈប់ប្រកបដោយនិរន្តរភាពចំពោះការជួញដូសាច់សុនខ និងឆ្មា។ សម្រាប់ព័ត៌មានបន្ថែមអំពីការងាររបស់យើង សូមចូលទៅកាន់៖
www.Dogcatmeat.four-paws.org
www.dogcatmeat.kh.four-paws.org/
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការងាររបស់យើង សូមតាមដាន៖ https://www.facebook.com/fourpaws.kh

Share This Post: