កូវីដ-១៩

ទើបតែប្រកាសករណីឆ្លងជំងឺកូវីដជាលើកដំបូងម្សិលមិញ ថ្ងៃនេះកូរ៉េខាងជើងប្រកាសករណីមរណភាពដំបូងម្ដង

BY
autoadmin
May 13, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជាក់ពីការស្លាប់ដំបូងរបស់ខ្លួន ទាក់ទងនឹងជំងឺ COVID-19 ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត កំពុងមានរោគសញ្ញាគ្រុនក្តៅ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មនុស្សចំនួន ៦នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីពួកគេបានចេញរោគសញ្ញាគ្រុនក្តៅខ្លាំង និងបានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ ប្រភពបាននិយាយថា មនុស្សចំនួន ១៨៧,០០០ នាក់ ដែលមានរោគសញ្ញាគ្រុនក្តៅ កំពុងត្រូវបានដាក់ឱ្យ «នៅដាច់ដោយឡែក និងទទួលការព្យាបាល»។

អ្នកជំនាញជឿជាក់ថា ជំងឺ COVID-19 ទំនងជាបានផ្ទុះឡើងនៅកូរ៉េខាងជើងអស់មួយរយៈមកហើយ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះ ទើបតែប្រកាសករណីដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ។ គេជឿថា ការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 វ៉ារ្យ៉ង់អូមីក្រុង កំពុងវាយប្រហារនៅក្នុងរដ្ឋធានីព្យុងយ៉ាង ឬហួសពីនេះ ហើយរដ្ឋាភិបាលក៏មិនបានបង្ហាញចំនួនករណីពិតប្រាកដនោះដែរ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្តាល បាននិយាយថា មានមនុស្សចំនួន ៣៥០,០០០ នាក់ កំពុងបង្ហាញរោគសញ្ញាគ្រុនក្ដៅ ប៉ុន្តែមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ដែលបានតេស្ដវិជ្ជមាន។

ប្រទេសដែលមានប្រជាជនជាង ២៥ លាននាក់មួយនេះ បានប្រឈមនឹងបញ្ហាជាច្រើនដោយសារវិបត្តិនៃជំងឺ COVID-19។ កូរ៉េខាងជើងបានបិទទ្វារប្រទេសទាំងមូល ចាប់តាំងតែពីដើមខែមករា ឆ្នាំ២០២០ ដែលធ្វើឱ្យមានការខ្វះខាតស្បៀងអាហារ ខូចខាតសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការជួញដូរផ្សេងៗទៀត -ល- ។ ប្រជាជនរបស់ប្រទេសនេះក៏មិនបានទទួលវ៉ាក់សាំងបង្ការ ខណៈដែលរដ្ឋាភិបាលរបស់ខ្លួន តែងតែច្រានចោលរាល់ការស្នើផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ពីបរទេស។ ការបិទខ្ទប់ប្រទេសទាំងមូលក៏បានធ្វើឱ្យមានកង្វះខាតថ្នាំពេទ្យ ដែលវាកាន់តែយ៉ាប់យ៉ឺនបំផុត នៅពេលដែលខ្លួនកំពុងមានការផ្ទុះឡើងនៃករណីជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: