ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំខេត្ត ចូលរួមរំលែកទុក្ខបុណ្យឪពុកម្តាយរបស់ សុវត្ថិឌី ធារិកា និងចូលរួមបច្ច័យបុណ្យ ១០លានរៀល

BY
Khmernote Media
May 20, 2022

យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកជំទាវ ស ចេង និងថ្នាក់ដឹកនាំខេត្តជាច្រេីនរូបទៀត បានអញ្ជើញចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះគ្រួសារ កញ្ញា សុវត្ថិឌី ធារិកា ដែលលោកឳពុក អ្នកម្ដាយរបស់កញ្ញា បានទទួលមរណភាព ដោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងឱកាសដ៍សែនក្រៀមក្រំនេះផងដែរ ឯកឧត្ដម អភិបាលខេត្ត និងលោកជំទាវ បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ឳពុក ម្ដាយ ជាទីស្រឡាញ់ ដែលតែងអប់រំទូន្មានប្រៀនប្រដៅកូនចៅ ឱ្យដើរតាមគន្លងធម៌ ក្លាយជាកុលបុត្រ កុលធីតាល្អ សម្រាប់សង្គមជាតិ ជាពិសេស កញ្ញា សុវត្ថិឌី ធារិកា កន្លងមកតែងបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកស្ទួយវិស័យវប្បធម៌ ទេសចរណ៍ តាមរយៈបទចម្រៀងជាច្រើនដែលរៀបរាប់ បរិយាយអំពីតំបន់សក្តានុពល វប្បធម៌ ទេសចរណ៍ សំខាន់ៗ ដែលមានក្នុងខេត្តព្រះវិហារ។ឯកឧត្ដម អភិបាលខេត្តនិងលោកជំទាវ ព្រមទាំងសហការី បានចូលរួមបច្ច័យបុណ្យសព ចំនួន ១០លានរៀលផងដែរ៕

Share This Post: