កូវីដ-១៩

កូរ៉េខាងជើងបានរាយការណ៍ពីករណីសង្ស័យទាក់ទងនឹងជំងឺកូវីដ១៩ ច្រើនជាង ២៦០,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

BY
autoadmin
May 20, 2022

ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា ខ្លួនបានរកឃើញករណីសង្ស័យថ្មីជាង ២៦០,០០០ ករណី ទាក់ទងនឹងជំងឺ COVID-19 ដែលជំរុញឱ្យចំនួនអ្នកឆ្លងសង្ស័យមានសរុបដល់ទៅជាង ២ លានករណី។ កាសែត Rodong Sinmun របស់គណបក្សកាន់អំណាច បានរាយការណ៍នៅថ្ងៃសុក្រនេះថា ករណីគ្រុនក្តៅថ្មីជាង ២៦៣,០០០ ករណី និងការស្លាប់ចំនួន ២ ករណី ត្រូវបានបញ្ជាក់ក្នុងកំឡុងពេល ២៤ ម៉ោងចុងក្រោយ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃព្រហស្បតិ៍នេះ។ តួលេខនេះបាននាំឱ្យចំនួនមនុស្សដែលមានរោគសញ្ញាគ្រុនក្តៅ ចាប់តាំងពីចុងខែមេសា កើនដល់ជាង ២.២៤ លានករណី ជាមួយនឹងចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥ នាក់។

កាសែត Rodong Sinmun ក៏បានរាយការណ៍ផងដែរថា ពិធីបុណ្យសពរៀបចំដោយរដ្ឋមួយ នឹងត្រូវប្រារព្ធឡើងសម្រាប់លោក Hyon Chol Hae ដែលជាឧត្តមសេនីយ៍ម្នាក់ ដែលទទួលបន្ទុកអប់រំយោធាបម្រើឱ្យមេដឹកនាំលោក គីម ជុងអ៊ុន។ គាត់ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងអាយុ ៨៧ឆ្នាំ ហើយលោក គីម ជុងអ៊ុន នឹងធ្វើជាអធិបតីភាពនៅក្នុងពិធីបុណ្យសពនោះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា តាមរយៈការប្រារព្ធពិធីបុណ្យសព សម្រាប់បុគ្គលម្នាក់ដែលតែងតែគាំទ្រដល់គ្រួសារត្រកូលគីម មេដឹកនាំលោក គីម ជុងអ៊ុន មានគោលបំណងពង្រឹងការរួបរួមជាតិ ស្របពេលដែលប្រទេសនេះកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: