ស្នងការរាជធានីភ្នំពេញ ស្វែងរកម្ចាស់គណនីហ្វេសប៊ុកមួយនេះ អោយចូលបំភ្លឺ និងបង្ហាញភស្តុតាងចំពោះការសរសេរនៅលើហ្វេសប៊ុក ពីការផាកពិន័យរបស់ប៉ូលិសចរាចរណ៍មកលើខ្លួន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយបានឃើញការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sambath Viriya ក្រុមការងារបានព្យាយាមទាក់ទង និងស្វែងរកម្ចាស់គណនីនេះ ដើម្បីសហការចូលមកបំភ្លឺ និងបង្ហាញភស្តុតាងចំពោះចុះផ្សាយនេះ ប៉ុន្តែអស់រយៈពេល៣ថ្ងៃហើយ ក្រុមការងារបានទាក់ទងទៅមិនឃើញម្ចាស់គណនីរូបនេះឆ្លើយតបនោះទេ។

ក្នុងករណីមានអ្នកស្គាល់ម្ចាស់គណនីនេះ សូមជួយប្រាប់ និងផ្តល់ដំណឹងដល់គាត់ដើម្បីមកបំភ្លឺការពិតដល់សមត្ថកិច្ច។ បើនៅតែមិនមានការឆ្លើយតប ហើយផុសព័ត៌មានដូច្នេះទៀត ក្រុមការងារ នឹងបំភ្លឺបញ្ចប់ថាជា គណនីក្លែងក្លាយ ផុសព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ។ សមត្ថកិច្ចជំនាញ រីករាយរង់ចាំទទួលការចូលបំភ្លឺរបស់ម្ចាស់គណនីនេះ ៕
