ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំដល់ប្រធានសាលាដំបូងខេត្តថ្មី ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ

    BY Khmernote Media May 24, 2022
    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំដល់ប្រធានសាលាដំបូងខេត្តថ្មី ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និង ចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ទៀង សុថា ដែលត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាដំបូងខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

    ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ទៀង សុថា ដែលត្រូវបានតែងតាំង ជាចៅក្រមសាលា ឧទ្ធរណ៍បាត់ដំបង ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ទៀង សុថា ដែលបាន ខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តមណ្ឌលគិរី ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតី ទទួលខុសត្រូវ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានណែនាំ និងផ្តាំផ្ញើ នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖

    ទី១-គ្រប់សាលាជម្រះក្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ ម្យ៉ាងទៀត ដើម្បីធានាការអនុវត្តន៍វិធានការវិន័យនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានចំពោះមន្រ្តីដែលមិនគោរពវិន័យផង និងម្យ៉ាងទៀត ដើម្បីជាមូលដ្ឋានក្នុងការផ្តល់នូវការ លើកទឹកចិត្តនានាចំពោះមន្រ្តីដែលគោរពវិន័យ និងខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អផង។

    ទី២-ចៅក្រមព្រះរាជអាជ្ញាទាំងអស់ ត្រូវបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ ដោយវៀរចាកនូវអគតិធម៌ ឬភាពមិនលម្អៀង ទាំង ៤ គឺ “ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ” ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋ។

    ទី៣-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ខ្លួន ហើយមន្រ្តីគ្រប់រូប ក្នុងវិស័យ យុត្តិធម៌ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានទាន់នឹងការវិវត្តន៍ យ៉ាងឆាប់រហ័សនៃវិស័យច្បាប់ និងយុត្តិធម៌។

    ទី៤-ចៅក្រមទាំងអស់ ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកា ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជាពិសេស ត្រូវលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

    ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ប្រធានសាលាដំបូងខេត្តមណ្ឌលគិរីថ្មី នឹងខិតខំយកចិត្តទុកដាក់ ក្នុងការ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាដំបូងខេត្តមណ្ឌលគិរី ឱ្យមាន ការរីកចម្រើន ព្រមទាំងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ និងបម្រើប្រជាជនកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: