ព័ត៌មានជាតិ

អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ចុះពិនិត្យកិច្ចការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប សម្រេចបាន ១៦,៥%ហើយ

BY
srey nuch
June 17, 2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២២ លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង បានចុះពិនិត្យការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីក្រុមហ៊ុនទទួលបន្ទុកសាងសង់ និងមន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធចូលរួមជាលទ្ធផលគម្រោងនេះអនុវត្តសម្រេចបាន ១៦,៥% ហើយ។

ការចុះត្រួតពិនិត្យនេះក្នុងគោលបំណង តាមដានវាយតម្លៃលើវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដើម្បីធានាសម្រេចឱ្យបាននូវប្រសិទ្ធភាពការងារ ប្រកបដោយទំនួលខុសត្រូវ សមស្របទៅតាមកិច្ចសន្យា។ ទន្ទឹមនោះដែរ លោកអគ្គនាយករង បានបញ្ជាក់ពីទិសដៅការងារត្រូវធ្វើបន្ត ទៅកាន់ក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ឱ្យបន្តយកចិត្តទុកដាក់ការងារបន្ថែមទៀត ធ្វើយ៉ាងណាត្រូវសម្រេចតាមផែនការដូចបានគ្រោងទុក។

បន្ទាប់ពីបានចុះពិនិត្យទីតាំងស្ថាបនាស្ថានីយ៍ និងចំណុចដែលត្រៀមដាក់លូបង្ហូរទឹកកខ្វក់រួច លោកនាយកគម្រោង បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនទាំងពីរ ទទួលបន្ទុកលើកិច្ចការងារសាងសង់ ដោយបានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនផងដែរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: