អន្តរជាតិ

អ្នកវិទ្យាសាស្ត្របានបំពាក់អេឡិចត្រូតលើសត្វកណ្ដូប ដែលធ្វើឱ្យពួកវាអាចហិតក្លិនមហារីកបានច្បាស់លាស់បំផុត

BY
autoadmin
June 23, 2022

ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហែលជានៅចាំបាន កាលពីអំឡុងពេលមានជំងឺរាតត្បាត COVID-19 ដំបូងៗ នៅពេលដែលអ្នកជំនាញជាច្រើននៅទូទាំងពិភពលោក បានព្យាយាមបង្ហាត់សត្វសុនកឱ្យចេះហិតក្លិនសំណាក់នៃជំងឺ COVID-19 ហើយជាការពិតណាស់ ការរំពឹងទុករបស់អ្នកវិទ្យាសាស្ដ្រគឺអាចសម្រេចបានមែន។ ប៉ុន្តែបញ្ហានៅត្រង់ថា តើពួកគេអាចពង្រីកការប្រើប្រាស់សុនកបានប៉ុនណា នៅពេលដែលការចំណាយលើការហ្វឹកហ្វឺនរបស់វា ក៏មានតម្លៃមិនថោកប៉ុន្មានដែរ។ យ៉ាងណាក៏ដោយ សម្រាប់លើកនេះវិញវាប្លែកជាងមុនបន្ដិច ដោយសារថា អ្នកវិទ្យាសាស្ត្រមិនបានប្រើប្រាស់សត្វជើង ៤ ឱ្យជួយដល់ការងាររបស់ពួកគេនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានប្រើសត្វកណ្ដូប សម្រាប់ការហិតរកមើលវត្តមានជំងឺមហារីកវិញម្ដង។

បើតាមការចុះផ្សាយដោយ Yahoo News បានឱ្យដឹងថា ការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ bioRXiv ដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Michigan State University និងរាយការណ៍ដោយទស្សនាវដ្តី MIT Technology Review បានឱ្យដឹងថា បច្ចេកវិទ្យានេះពាក់ព័ន្ធនឹងសត្វកណ្តូបដែលត្រូវបានវះកាត់ភ្ជាប់អេឡិចត្រូតទៅក្នុងខួរក្បាលរបស់ពួកវា ដោយសាស្រ្តាចារ្យ Debajit Saha និងសហការីរបស់គាត់។ អេឡិចត្រូតទាំងនោះនៅទីនោះ ដើម្បីចាប់យកសញ្ញាពីប្រមោយរបស់សត្វកណ្ដូបនីមួយៗ ដែលពួកគេប្រើដើម្បីប្រមាញ់ក្លិនមហារីក។

ក្រុមការងារបានបែងចែកកោសិកាមហារីកមាត់របស់មនុស្សចំនួន ៣ ប្រភេទផ្សេងៗគ្នា បន្ថែមលើសំណុំនៃកោសិកាដែលមានសុខភាពល្អដាច់ដោយឡែក ហើយបានបង្កើតឧបករណ៍សម្រាប់ចាប់យកក្លិន ដើម្បីបញ្ជូនចំហាយក្លិនជាលិកាទាំងនោះទៅកាន់ប្រមោយរបស់កណ្ដូប។ ពួកគេបានរកឃើញថា ខួរក្បាលរបស់សត្វកណ្តូបបានឆ្លើយតបទៅនឹងប្រភេទនៃជាលិកានីមួយៗខុសៗគ្នា ហើយពួកគេអាចកំណត់អត្តសញ្ញាណកោសិកាឈឺបានយ៉ាងត្រឹមត្រូវបំផុត។ យ៉ាងណាក៏ដោយ វាពិបាកក្នុងការដឹងថា តើនិយតករដូចជារដ្ឋបាលចំណីអាហារ និងឱសថ ធ្លាប់អនុម័តនីតិវិធីបែបនេះដែរ ឬទេ។

លោក Saha និង​ក្រុម​របស់​លោក ​គ្រោង​នឹង​បន្ត​ការងារ​លើ​គម្រោង​នេះ។ ប្រព័ន្ធបច្ចុប្បន្នរបស់ពួកគេ ត្រូវការខួរក្បាលកណ្ដូបពីប្រាំមួយទៅ ១០ ដើម្បីដំណើរការ។ គាត់សង្ឃឹមថា អេឡិចត្រូតថ្មីនឹងអនុញ្ញាតឱ្យក្រុមរបស់គាត់កត់ត្រាណឺរ៉ូនបន្ថែមទៀត ដូច្នេះគាត់នឹងត្រូវការខួរក្បាលសត្វកណ្ដូបតែមួយប៉ុណ្ណោះសម្រាប់អ្នកជំងឺម្នាក់។ គាត់ក៏ចង់ធ្វើឱ្យឧបករណ៍ផ្ទុកខួរក្បាល និងប្រមោយសត្វកណ្ដូបអាចចល័តបាន ដែលនឹងអនុញ្ញាតឱ្យក្រុមប្រើប្រាស់ប្រព័ន្ធនៅខាងក្រៅមន្ទីរពិសោធន៍៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo News

Share This Post: