អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីដំបូងបំផុតរបស់ខ្លួន ពាក់ព័ន្ធនឹងជំងឺអុតស្វា Monkeypox

BY
autoadmin
June 23, 2022

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ បានរាយការណ៍ថា ខ្លួនបានបញ្ជាក់ពីករណីដំបូងបំផុតនៃជំងឺអុតស្វា monkeypox ហើយសន្យាថា នឹងពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតប ខណៈបានប្រកាសឱ្យមានការបន្ថែម «ការប្រុងប្រយ័ត្ន» សម្រាប់ជំងឺឆ្លងមួយនេះ។ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា អ្នកជំងឺគឺជាពលរដ្ឋកូរ៉េម្នាក់ ដែលត្រឡប់ពីប្រទេសអាល្លឺម៉ង់កាលពីរសៀលថ្ងៃអង្គារ ហើយពេលនេះកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Incheon ។ ទីភ្នាក់ងារនឹងបង្កើនការត្រួតពិនិត្យផ្សេងៗ ដោយកំណត់តំបន់ដែលទាមទារឱ្យមានការពង្រឹងការគ្រប់គ្រង ការដាក់ឱ្យនៅដាច់ពីគេ ដែលភាគច្រើនក្នុងចំណោមប្រជាជនមកពីប្រទេសដែលកើតជំងឺអុតស្វាញឹកញាប់។

ស្នងការរបស់ KDCA លោកស្រី Peck Kyong-ran បាននិយាយថា៖«KDCA បាននិងកំពុងជំរុញឱ្យមានវ៉ាក់សាំង និងការព្យាបាលដែលមានសុវត្ថិភាព…ខណៈពេលដែលទីភ្នាក់ងារកំពុងបន្តពង្រីកសមត្ថភាពធ្វើតេស្តរោគវិនិច្ឆ័យរបស់ខ្លួន»។ លោកស្រី Peck បាននិយាយថា៖«ក្នុងចំណោមអ្នកដែលបានប៉ះពាល់ (ទៅនឹងមេរោគអុតស្វា) តាមរយៈការទំនាក់ទំនងរាងកាយជាមួយអ្នកជំងឺ អ្នកដែលមានហានិភ័យមធ្យម ឬខ្ពស់ នឹងទទួលការចាក់វ៉ាក់សាំងក្រោមការយល់ព្រមរបស់ពួកគេ»។ លោកស្រីបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូង មិនទាន់ពិនិត្យមើលឡើងវិញនូវគម្រោងកម្មវិធីចាក់ថ្នាំបង្ការរោគជាតិ សម្រាប់ជំងឺអុតស្វានៅឡើយទេ៕

អទ្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: