អន្តរជាតិ

ទូរគមនាគមន៍របស់ប្រទេសថៃបានចាត់វិធានការថ្មីៗ ដោយការស្វែងរក និងប្លុកការហៅទូរសព្ទ ពីជនបោកប្រាស់នៅក្រៅប្រទេស

BY
autoadmin
June 23, 2022

ទូរគមនាគមន៍ជាតិរបស់ប្រទេសថៃ (NT) បាននិយាយថា ខ្លួនកំពុងព្យាយាមស្វែងរក និងប្លុកការហៅទូរសព្ទ ពីជនបោកប្រាស់នៅក្រៅប្រទេស ដើម្បីការពារប្រជាជនថៃពីការធ្លាក់ខ្លួនជាជនរងគ្រោះរបស់ក្រុមបោកប្រាស់ទាំងនោះ។ លោក Sompong Assawaboonmee អ្នកគ្រប់គ្រងផ្នែកទូរសព្ទរបស់ NT បាននិយាយថា កន្លែងផ្លាស់ប្តូរខ្សែបណ្តាញអន្តរជាតិរបស់ NT ត្រូវបានបំពាក់ដោយប្រព័ន្ធមួយ ដើម្បីរកមើលការហៅទូរសព្ទដែលសង្ស័យពីបរទេសគ្រប់ម៉ោង។ លោកបាននិយាយថា ប្រសិនបើប្រព័ន្ធរកឃើញភាពមិនប្រក្រតីណាមួយ នោះការហៅទូរសព្ទនឹងត្រូវបានប្លុក ហើយប្រតិបត្តិករនៃលេខដែលត្រូវបានប្លុក នឹងត្រូវបានជូនដំណឹងឱ្យពិនិត្យមើលឡើងវិញ។

លោក Sompong បាននិយាយថា ការហៅទូរសព្ទមកពីបរទេសភាគច្រើន គឺចេញពីក្រុមក្មេងទំនើងបែប Call-centre មានទម្រង់មិនទៀងទាត់ ហើយពេលខ្លះពួកគេបានហៅទៅលេខគោលដៅ ដូចជាលេខដែលមិនបានកំណត់ម្ចាស់ ឬលេខដែលមានលេខកូដដកឃ្លា។ គាត់បាននិយាយថា លេខដែលធ្វើការហៅម្តងហើយម្តងទៀតមិនទៀងទាត់ ទៅកាន់លេខគោលដៅមួយផ្សេងទៀតដដែលៗ ក្នុងរយៈពេលដ៏ខ្លីក៏នឹងត្រូវបានប្លុក និងធ្វើការស៊ើបអង្កេតផងដែរ។ លោកបាននិយាយថា NT បាននឹងកំពុងប្រើប្រាស់ទម្រង់ដូចគ្នានៃលេខទូរសព្ទអន្តរជាតិ ជាមួយវិស័យស្តង់ដារទូរគមនាគមន៍ ITU ។ ទម្រង់ចាប់ផ្តើមដោយសញ្ញា + ហើយមានលេខកូដប្រទេស ពីកន្លែងដែលការហៅទូរស័ព្ទត្រូវបានធ្វើឡើង។ លោក​បាន​ជំរុញ​ឱ្យ​ប្រជាជន​ថៃ ​បដិសេធ​ការ​ហៅ​ទូរសព្ទ​ពី​ប្រទេស​ដែល​ពួកគេ​មិន​មាន​សាច់​ញាតិ ឬ​ការ​ហៅ​ទូរសព្ទ​ដែល​មិន​អនុវត្ត​តាម​ទម្រង់ ITU-T៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: