កូវីដ-១៩

រដ្ឋមន្ដ្រីសុខាភិបាលថៃ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩ ខណៈទើបតែចាក់វ៉ាក់សាំងដូសទី៦ បានជិតពីរសប្ដាហ៍

BY
autoadmin
June 28, 2022

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីសុខាភិបាលថៃ គឺលោក Anutin Charnvirakul បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 បន្ទាប់ពីគាត់ត្រឡប់មកពីកិច្ចប្រជុំ UNAIDS នៅទីក្រុងហ្សឺណែវ របស់ប្រទេសស្វីស។ លោករដ្ឋមន្ត្រី​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​រោគ​សញ្ញា​ស្រាលៗ​​ប៉ុណ្ណោះ ខណៈ​​លោក​ទើបតែចាក់វ៉ាក់សាំងបង្ការដូសទី៦​ កាលពីពាក់កណ្ដាលខែនេះ។ មុននេះលោក Autin និងអាជ្ញាធរផ្សេងទៀត ដែលមកពីក្រសួងសុខាភិបាលសាធារណ, ក្រសួងកិច្ចការបរទេ, ការិយាល័យសន្និបាត និងពិព័រណ៍ថៃ និងអភិបាលខេត្តភូកេត ក៏ទើបតែចូលរួមមហាសន្និបាត BIE 170 នៅទីក្រុងប៉ារីស ចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា។

ក្រុមដដែលនេះ បានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ដើម្បីចូលរួមកិច្ចប្រជុំជាមួយរបស់អង្គការសហប្រជាជាតិ (UN) ស្តីអំពីមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីពិភាក្សាអំពីពិព័រណ៌ពិសេសឆ្នាំ២០២៨ ដែលក្នុងនោះភូកេត នឹងធ្វើជាម្ចាស់ផ្ទះនៅចន្លោះថ្ងៃទី ២១-២៤ ខែមិថុនា ក្នុងឆ្នាំនោះ។ លោក Anutin បានមកដល់ប្រទេសថៃវិញ កាលពីថ្ងៃទី២៦ ខែមិថុនា ដោយមានការឈឺចាប់សាច់ដុំ និងឈឺបំពង់ក ហើយក្រោយមកបានរកឃើញថា គាត់វិជ្ជមានជាមួយជំងឺ COVID-19។ យោងតាមរបាយការណ៍បានឱ្យដឹងថា លោករដ្ឋមន្ត្រីនឹងដាក់ឱ្យនៅដាច់ពីគេយ៉ាងហោចណាស់ ១សប្តាហ៍ ឬរហូតដល់តេស្ដអវិជ្ជមាន៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: