សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់ប្ដូរចង្កូត
នាព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ ត្រង់ចំនុចនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតអោយមានការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះដាច់ខាត ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ ៕
