PR

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការ និងផ្តល់ប័ណ្ណសរសើររបស់ក្រសួងមហាផ្ទៃជូនដល់មន្ត្រីជាន់ខ្ពស់នៃ គ.ប.ផ.ក របស់ខ្លួន

BY
Liny Chan
July 8, 2022

(ទីស្តីការក្រសួងមហាផ្ទៃ)៖ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានរៀបចំពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ផ.ក និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គស្នងការរង មេបញ្ជាការរង អគ្គាធិការរង អគ្គនាយករង មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា លោកឧកញ្ញា លោក លោកស្រី តំណាងសមាគម វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន គ.ប.ផ.ក អញ្ជើញមានមតិស្វាគមន៍ និងអានរបាយការណ៍របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីលទ្ធផលការងារបង្ក្រាបផលិតផលក្លែងក្លាយ-ខុសច្បាប់ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលជាលទ្ធផល បានធ្វើការបង្ក្រាបឱសថ ផលិតផលវជ្ជសាស្ត្រ ក្លែងក្លាយ​ អន់គុណភាព និងផលិតផលទូទៅក្លែងក្លាយ-ខុសច្បាប់ និងខូចគុណភាព សរុបចំនួន ៤០៤ករណី ក្នុងនោះទទួលបានការអនុញ្ញាតពីស្ថាប័នតុលាការឲ្យធ្វើការកម្ទេចចោលចំនួន១០លើកនូចរាល់វត្ថុតាងដែលបានដកហូតរឹបអូស សរុបចំនួន ១,០០០តោន ។ ជាមួយគ្នានេះ គណៈកម្មាធិការក៏បានបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំតាមគ្រប់ទម្រង់ និងទូលំទូលាយ ទាំងតាមវិទ្យុ ទូរទស្សន៍ សិក្ខាសាលា បណ្តាញញទំនាក់ទំនងសង្គម ដល់សារធារណៈជន សិស្ស និស្សិត អាជីវករជាច្រើនផងដែរ ។

បន្ទាប់មក ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ប.ផ.ក បានអានសេចក្តីសម្រេចលេខ២៤ សសរ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលសមាសភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលមានសមាសភាព២៨រូប មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានដូចជា៖

-ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន គ.ប.ផ.ក
-ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ជាអនុប្រធាន គ.ប.ផ.ក
-ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធាន គ.ប.ផ.ក
-ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ គ.ប.ផ.ក
-ឯកឧត្តម សុខ សារេត អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធាន
-ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធាន គ.ប.ផ.ក
-លោកជំទាវ វី សាឌី ទីប្រឹក្សាក្រសួងមហាផ្ទៃ ជាអនុប្រធាន គ.ប.ផ.ក
-ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម សោភ័ណ្ឌ អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជាអនុប្រធាន គ.ប.ផ.ក
-ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអនុប្រធាន គ.ប.ផ.ក

និងសមាជិកមួយចំនួនទៀត មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរូមមានដូចជា៖

-ក្រសួងយុត្តិធម៌
-ក្រសួងសុខាភិបាល
-ក្រសួងទេសចរណ៍
-ក្រសួងព័ត៌មាន
-ក្រសួងអប់រំ យុវជន និងកីឡា
-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-ក្រសួងពាណិជ្ជកម្ម
-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
-កងរាជអាវុធហត្ថលើផ្ទៃប្រទេស
-អគ្គនាយកដ្ឋានអន្តោប្រវេសន៍
-អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
-អគ្គនាយកដ្ឋានពន្ធដារ
-អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
-វិទ្យាស្ថានស្តង់ដារកម្ពុជា

មានប្រសាសន៍សំណេះសំណាលនៅក្នុងអង្គពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអញ្ជើញថ្លែងសុន្ទរកថា និងមតិណែនាំមួយចំនួនជូនដល់អង្គពិធីទាំងមូល ។ ឯកឧត្តមប្រធាន គ.ប.ផ.ក បានមានប្រសាសន៍សំដែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចតេជោនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និង សម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដឹកនាំ និងតម្រង់ទិស ព្រមទាំង ផ្តល់នូវការគាំទ្រដល់សកម្មភាពនានារបស់គណៈកម្មាធិការតាំងពីដើមរៀងមក ។

ឯកឧត្តម ប្រធាន គ.ប.ផ.ក បានមានប្រសាសន៍ថា ការផលិត និងការចរាចរណ៍ផលិតផលក្លែងក្លាយដែលកំពុងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើគ្រប់ទីកន្លែងនាយពេលបច្ចុប្បន្ននេះ ត្រូវបានពិភពលោកចាត់ទុកជាបទល្មើសដែលមានអង្គការចាត់តាំង និងជាបទល្មើសឆ្លងដែន ហើយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសារធារណៈ និងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ ។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រុញដល់មន្ត្រីចម្រុះ គ.ប.ផ.ក សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធបន្តចាត់វិធានការ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងនោះរួមទាំងវិធានការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ អ្នកឧញ្ញា លោកឧកញ៉ា លោក-លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹកដើម្បីចូលរួមក្នុងពិធីនេះ ដែលជាការបង្ហាញនូវសេចក្តីទុកចិត្ត ក៏ដូចជាការបន្ត គាំទ្រកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុង បេសកកម្មរួមគ្នាលើកកម្ពស់សុខភាព អាហារូបត្ថម្ភដល់ប្រជាពលរដ្ឋឱ្យទទួលបានសុខភាពល្អតាម រយៈការខិតខំ ទប់ស្កាត់ អប់រំ និងបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពលើបទល្មើសផលិតផលក្លែងក្លាយ តាមគ្រប់រូបភាព ជាពិសេស ថ្លែងអំណរគុណផងដែរចំពោះកិច្ចសហការនានាពីដៃគូជាតិ-អន្តរជាតិ ក៏ដូចជាសមាគម វិស័យឯកជន ដែលតែងតែយកចិត្តទុកដាក់គាំទ្រចំពោះគណៈកម្មាធិការក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម ជាដរាបមក ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំនានាដែលគណៈកម្មាធិការសម្រេចបានក្នុងរយៈកាលកន្លងមកដែល បង្រ្កាប និងរឹបអូសបានផលិតផលក្លែងក្លាយជាច្រើនប្រភេទរហូតដល់ជាង១ពាន់តោនទៅធ្វើការ កម្ទេចចោល ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមពីសមាជិកថ្មីរួម ជាមួយសមាសភាពដែលមានស្រាប់ប្រាកដជានឹងក្លាយទៅជាកម្លាំងជំរុញមួយដ៏សកម្មប្រកបដោយប្រសិទ្ធភាព និងឋាមពលក្លាំងក្លាបន្ថែមទៀតក្នុងបេសកកម្មប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អោយទទួលបានលទ្ធផលត្រចះត្រចង់ជាក់ជាមិនខានឡើយ ។

នាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និងជាប្រធាន គ.ប.ផ.ក បានផ្តល់នូវអនុសាសន៍ដើម្បីចូលរួមតម្រង់ទិសសកម្មភាពប្រឆាំងផលិតផលក្លែងក្លាយ ក្នុងនាមគណៈកម្មាធិការ រួមមានដូចជា៖

1.ត្រូវបន្តចាត់វិធានការក្នុងការប្រយុទ្ធប្រឆាំងការផលិត ការចែកចាយផលិតផលក្លែងក្លាយ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ព្រោះថាការងារនេះគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានារបស់ រាជរដ្ឋាភិបាល ក្នុងបេសកកម្មទ្រទ្រង់សុខុមាលភាព និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ។
2.គន្លឹះនៃភាពជោគជ័យក្នុងការទប់ស្កាត់ និងការបង្ក្រាបបទល្មើស ផ្តើមចេញពីការយល់ដឹង អំពីផលវិបាក និងគ្រោះថ្នាក់ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ ក្នុងចំណោមកងកម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ។ ក្នុងន័យនេះ ការបណ្តុះបណ្តាល ការអប់រំផ្សព្វផ្សាយឱ្យ បានទូលំទូលាយនូវយុទ្ធនាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលក្លែងក្លាយ និង ថែមទាំងចូលរួមផ្តល់ព័ត៌មាននានាមកគណៈកម្មាធិការ ។
3.ក្នុងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ គ្មានស្ថាប័នណាមួយ ឬអង្គភាពណា មួយ ឬប្រទេសណាមួយ អាចអនុវត្តការងារនេះបានជោគជ័យតែឯកឯងទេ ទាល់តែមានកិច្ចសហការ គ្នាល្អទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក ទើបទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

អង្គពិធីបានបិទបញ្ចប់ ដោយមានការផ្តល់ប័ណ្ណសរសើរ របស់ក្រសួងមហាផ្ទៃ ជូនដល់ក្រុមការងារប្រតិបត្តិការ និងមន្ត្រីជាន់ខ្ពស់ចំណុះឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចំនួន ២៦រូប ដែលមានស្នាដៃល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយប្រចាំឆ្នាំ ២០២០ ជាមួយនិងសាមគ្គីភាព ភាពស្និទស្នាល និងសប្បាយរីករាយក្រៃលែង៕

Share This Post: