ក្រុមហ៊ុន ERA Cambodia ប្រកាសផ្តល់ពានរង្វាន់លើកទឹកចិត្តដល់ភ្នាក់ងារលក់នៅក្នុងកម្មវិធី Career Advancement Day
- BY
- Liny Chan
- July 23, 2022
រាជធានីភ្នំពេញ, ២២ កក្កដា ២០២២ – ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីបូកសរុបសមិទ្ធិផល និងការទទួលស្គាល់នូវភាពជោគជ័យរបស់ភ្នាក់ងារដែលសម្រេចបានរយៈពេលពាក់កណ្តាលឆ្នាំ ២០២២ និងការដាក់ចេញផែនការសកម្មភាពបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងការចាប់យកចំណែកទីផ្សារខុនដូដែលកំពុងមានការរីកចម្រើននៅកម្ពុជា។

ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ក្រុមហ៊ុនតែងបង្កបរិយាកាសការងារល្អៗដល់បុគ្គលិកទាំងការបណ្តុះ បណ្តាល និងតែងរៀបចំកម្មវិធីធំៗ ដើម្បីបង្ហាញការទទួលស្គាល់ពីសមិទ្ធិផល តាមរយៈការផ្តល់ពានរង្វាន់ វិញ្ញាបនបត្រ និងដំឡើងតួនាទីជាដើម។

លោកថ្លែងថា៖ «ទោះឋិតក្នុងស្ថានភាពដែលបង្កឡើងដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់របស់យើងនៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈ ដើម្បីជួយសម្រួលការទិញ លក់ ដល់អតិថិជន។ ហើយទាំងនេះក៏ព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។

កម្មវិធី Career Advancement Day របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗដូចជាគម្រោង Morgan EnMaison, La Vista, R&F និងគម្រោងខុន Time Square ហើយម្ចាស់គម្រោងខុនដូទាំងនេះក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់នៅក្នុងកម្មនេះផងដែរ។

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះមានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង ៣៧ ប្រទេសលើពិភពលោក ។

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ខន គង្គា ជាអគ្គនាយក និងនាយកប្រតិបត្តិ។ ERA Cambodia ជាក្រុមហ៊ុន មានឯកទេសទិញ លក់ និងជួល ខុនដូ ដោយ ផ្ដោតលើ តំបន់ សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមហ៊ុន មានភ្នាក់ងារប្រមាណ ១ ៥០០នាក់ សម្រាប់ បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។

រយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។
បើតាមអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញដែលទិញខុនដូតាមរយៈ ក្រុមហ៊ុន ERA Cambodia ភាគច្រើនគឺជាយុវជនក្នុងស្រុកដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរ រស់នៅបរទេស ទិញទុកវិនិយោគ។ លោកបន្ថែមថា អនាគតខុនដូនឹង ក្លាយជាតម្រូវការចម្បងរបស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់ខុនដូ៕










- Share This Post:






