ព័ត៌មានជាតិ

មោទកភាពជាតិ! សិស្សខ្មែរ៣រូប ដណ្ដើមបានមេដាយមាសពីការប្រកួតគណិតវិទ្យានៅសហរដ្ឋអាមេរិក ក្នុងកម្មវិធី Copernicus Olympiad

BY
srey nuch
July 25, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សិស្សានុសិស្សខ្មែរ ចំនួន ៣រូប ដណ្ដើមបានមេដាយមាសពីការប្រកួតគណិតវិទ្យានៅសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad ដោយការដណ្តើមបានមេដាយមាសរបស់កូនខ្មែរទាំង៣រូបនេះ នាំឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះសមត្ថភាពរបស់ពួកគេ និងជាពិសេសក៏ជាផ្នែកមួយនៃការលើកស្ទួមមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ដែលបង្ហាញអោយឃើញថា ប្រទេសកម្ពុជាមានធនធានមនុស្សពូកែៗជាច្រើនផងដែរ។

កម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD គឺជាការប្រឡងប្រជែងដ៏ធំមួយដែលមានមុខវិជ្ជាចំនួន ៥ រួមមាន៖ Mathematics, Natural Science, Physics and Astronomy, Cyber Security and Film Festival ហើយការប្រកួតប្រជែងនោះផងដែរ បេក្ខជនចូលរួមចំនួន ១,៥៣១រូប មកពី ២៦ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។​

ការប្រកួតវគ្គ Global Round បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅសកលវិទ្យាល័យ Columbia University នាទីក្រុង New york  សហរដ្ឋអាមេរិក ដោយមានប្រទេសចូលរួមលើមុខវិជ្ជាគណិតវិទ្យាចំនួន ៩ប្រទេស រួមមាន៖ ប្រទេសកម្ពុជា សហរដ្ឋអាមេរិក ប្រទេសហ្វីលីពិន ប្រទេសអង់ហ្កោឡា ប្រទេសប្រេស៊ីល ប្រទេសប៊ុលហ្គារី ប្រទេសគីជីស្ថាន ប្រទេសឡាវ និងប្រទេសវៀតណាម។

ជាលទ្ធផលសិស្សានុសិស្សកម្ពុជាចំនួន៣រូប ទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំងអស់ និងទទួលបានមេដាយមាស។ បន្ថែមពីនេះសិស្សានុសិស្ស ខ្មែរទទួលបានមេដាយ ប្រាក់ និងសំរិទ្ធផងដែរ។ សិស្សានុសិស្សកម្ពុជា ដែលបានបញ្ជូនទៅចូលរួមការប្រកួតនេះមានចំនួន ៣៤រូប។

សិស្សានុសិស្សកម្ពុជាទាំងបីរូបដែលទទួលជយលាភីមេដាយមាសតំណាងរួមមាន៖

១) ឈ្មោះ ទូច ម៉ូនីកា សិស្សថ្នាក់ទី១០ មកពីសាលារៀន Westgate International School

២) ឈ្មោះ ជា សឺហ្វុង សិស្សថ្នាក់ទី៨ មកពីសាលារៀន AIS (American Intercon School)

និងទី៣) ឈ្មោះ រិទ្ធ នីវិសាលស្ណុ សិស្សថ្នាក់ទី១១ មកពីសាលារៀនវិទ្យាល័យ ឬស្សីកែវ។

ជ័យលាភីរបស់សិស្សានុសិស្សខ្មែរទាំង៣រូបនេះ បានធ្វើឱ្យមាតាបិតា លោកគ្រូអ្នកគ្រូ និងសាលារបស់ពួកគេមានមោទកភាពជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។ សមិទ្ធផលដែលពួកគេទទួលបាននេះ គឺបង្ហាញអោយឃើញអំពីការខិតខំប្រឹងប្រែង ឆន្ទៈ តស៊ូ ព្រមទាំងបង្ហាញអំពីអនាគតទំពាំងស្នងឫស្សីជំនាន់ក្រោយរបស់កម្ពុជា និងលើកស្ទួយមុខមាត់ប្រទេសកម្ពុជាលើឆាតអន្តរជាតិយ៉ាងពិតប្រាកដ។

លទ្ធផលរបស់សិស្សានុសិស្សទាំង៣រូប ពិតជាធ្វើឱ្យប្រជាជនកម្ពុជា មានមោទកភាពយ៉ាងខ្លាំង។ តាមរយៈវត្តមានរបស់ពួកគេ ទង់ជាតិកម្ពុជាត្រូវបានបង្ហាញក្នុងកម្មវិធីកម្រិតអន្តរជាតិមួយនេះ ហើយអ្នកចូលរួមមកពីបណ្តាប្រទេសនានា ក៏បានបង្ហាញការស្ញប់ស្ញែងចំពោះសមត្ថភាពរបស់កូនខ្មែរផងដែរ៕

ប្រភព៖ MoEYS Cambodia

Share This Post: