ក្រុមហ៊ុន ខេមឡៃហ្វ ប្រារព្ធខួបគម្រប់ ១០ឆ្នាំ
- BY
- Liny Chan
- July 25, 2022
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបគម្រប់ ១០ឆ្នាំ របស់ខ្លួនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាល ដៃគូអាជីវកម្ម អតិថិជន ថ្នាក់ដឹកនាំ បុគ្គលិក អតីតបុគ្គលិករបស់ខេមឡៃហ្វ និងភ្ញៀវកិត្តិយសជាច្រើននាក់។

ខេមឡៃហ្វ ត្រូវបានបើកសម្ពោធជាផ្លូវការនៅខែឧសភា ឆ្នាំ២០១២ ហើយត្រូវបានដំណើរការក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ ២០១៥ អ្នកឧកញ៉ា គិត ម៉េង ដែលម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានទិញយកភាគហ៊ុន ១០០ភាគរយ។ ចក្ខុវិស័យរបស់ខេមឡៃហ្វក្នុងការផ្តល់សេវាដ៏ទូលំទូលាយជូនដល់ប្រជាជនកម្ពុជាអោយបានច្រើននាក់ បានជំរុញឱ្យម្ចាស់ភាគហ៊ុនបង្កើតយុទ្ធសាស្រ្តឆ្ពោះទៅកាន់ទីផ្សារធានារ៉ាប់រងខ្នាតតូច។ នៅខែកុម្ភៈ ឆ្នាំ២០២១ ខេមឡៃហ្វ បានទទួលអាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូច។

លោក Johnson Chai អគ្គនាយកនៃខេមឡៃហ្វបានមានប្រសាសន៍ថា “យើងប្រារព្ធពិធីដ៏ឧត្តុង្គឧត្តមនេះ គឺដើម្បីអបអរសាទរដល់វឌ្ឍនៈភាពជានិរន្តរបស់យើង ដែលត្រូវបានជំរុញអោយកើតឡើងតាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខេមឡៃហ្វ ដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចឈានមុខគេ ដែលទទួលបានការជឿទុកចិត្តនៅលើទីផ្សារ ក្នុងការផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុជាមួយតម្លៃដ៏សមរម្យ និងភាពងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់សេវា សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេនៅកម្ពុជា ខេមឡៃហ្វនឹងបន្តស្ថិតនៅយ៉ាងរឹងមាំដើម្បីគាំទ្រក្តីសង្ឃឹមនិងក្តីស្រមៃរបស់ប្រជាជនខ្មែរ។

ភាពជោគជ័យរបស់យើងដែលបានជាមួយនឹងការជឿទុកចិត្ត និងការគាំទ្រដ៏រឹងមាំ បាននាំយើងឆ្ពោះមកដល់កន្លែងដែលយើងកំពុងស្ថិតនៅបន្ទាប់ពីរយៈពេល ១០ ឆ្នាំដ៏អស្ចារ្យ ដែលជាការចូលរួមចំណែកយ៉ាងសកម្មពីនិយ័តករធានារ៉ាប់រងកម្ពុជា ក៏ដូចជាអតិថិជនដ៏មានតម្លៃរបស់យើង និងដៃគូអាជីវកម្មនានា”។

លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះគឺជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតឲ្យមានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារដែលមាននិយ័តករធានារ៉ាប់រងកម្ពុជាសេនាធិការដើម្បីត្រួតពិនិត្យ អភិវឌ្ឍនិងគាំទ្រវិស័យធានារ៉ាប់រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចខិតខំរបស់ខេមឡៃហ្វក្នុងយុទ្ធនាការនៃការផ្សព្វផ្សាយយល់ដឹងជាសាធារណកន្លងមកបានបម្រើដល់ប្រជាជនកម្ពុជាឲ្យយល់ដឹងអំពីគោលគំនិតនិងអត្ថប្រយោជន៍ដែលជាកម្លាំងជំរុញដល់កំណើនទីផ្សារធានារ៉ាប់រង។
សមិទ្ធិលផលដ៏អស្ចារ្យរបស់ខេមឡៃហ្វបានធ្វើឲ្យក្រុមហ៊ុនឈរឈ្មោះជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា”។

ឆ្នាំ២០២២ គឹជាឆ្នាំប្រវត្តិសាស្ត្រថ្មីរបស់ខេមឡៃហ្វដែលបានបំបែកកំណត់ត្រាដ៏គួរឲ្យកត់សម្គាល់ជាមួយនឹងកំណើនបុព្វលាភដុល ៩១.៥ភាគរយ ក្នុងឆមាសទី១។ លទ្ធផលដ៏គួរជាទីមោទកភាពនេះបានមកពីយុទ្ធសាស្ត្រក្នុងការបើកដំណើការ ប៊េងកាស៊ួរេន និងការសហការគ្នាយ៉ាងទូលាយរបស់ក្រុមហ៊ុនទាំងអស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងបំផុតដែលបានបើកដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០១៥ អ្នកឧកញ៉ា គិត ម៉េង ដែលជាម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទិញភាគហ៊ុន ១០០% ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បច្ចុប្បន្ននេះ ខេមឡៃហ្វមិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី១ ដែលចាប់ផ្ដើមដំណើរការរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រង និង ដំណើរការ ១០០% ដោយប្រជាជនកម្ពុជា។ ក្រុមហ៊ុនជឿជាក់ថានេះគឺជាអ្វីដែលប្រជាជនកម្ពុជាទាំងអស់អាចនឹងមានមោទកភាព។
លេខទូរស័ព្ទ៖ ០៦១ ៤៣ ១១១១ ឬ ទំព័រហ្វេសប៊ុក៖ CamlifeClub













- Share This Post:






