ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីស្ថានភាពជំងឺបុរសជនជាតិនីហ្សេរីយ៉ា កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ គឺនៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ
BY Khmernote Media
August 2, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីព័ត៌មានបច្ចុប្បន្នភាព នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២៖១០នាទីយប់ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយនៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ។

ស្ថានភាពសុខភាពគាត់មិនអីទេ។ អ្នកពាក់ព័ន្ធទាំង ០៥នាក់នោះ ក៏មិនមានរោគសញ្ញាអ្វីដែរ (ស្ថានភាពធម្មតា) ប៉ុន្តែត្រូវបន្តតាមដានសុខភាពនៅផ្ទះដាច់ដោយឡែក។ សូមជូនពរពួកគាត់សំណាងល្អ ! សូមបញ្ជាប់ថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាលផងដែរ៕
