ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋាននគរបាលចរាចរណ៍ បំភ្លឺពាក់ព័ន្ធឯកសារដាក់តាមខ្លួនពេលធ្វើចរាចរណ៍ ដោយតម្រូវឱ្យមានបណ្ណបើកបរច្បាប់ដើម និងឯកសារ២ប្រភេទនេះជាច្បាប់ចម្លងមានការបញ្ជាក់ត្រឹមត្រូវ

    BY Khmernote Media August 2, 2022
    នាយកដ្ឋាននគរបាលចរាចរណ៍ បំភ្លឺពាក់ព័ន្ធឯកសារដាក់តាមខ្លួនពេលធ្វើចរាចរណ៍ ដោយតម្រូវឱ្យមានបណ្ណបើកបរច្បាប់ដើម និងឯកសារ២ប្រភេទនេះជាច្បាប់ចម្លងមានការបញ្ជាក់ត្រឹមត្រូវ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ផែង វណ្ណៈ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានថ្ងៃត្រង់ទើបទទួលបាន! បន្ទាប់ពីមានប្រតិកម្មកក្រើកហ្វេសប៊ុកពីមហាជន ពាក់ព័ន្ធនឹងការតម្រូវឲ្យអ្នកបើកបរយានយន្តយកឯកសារច្បាប់ដើមដាក់តាមខ្លួន ដូចជា បណ្ណបើកបរ បណ្ណសំគាល់យានយន្ត និង កន្ទុយឈៀក នោះនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានចេញមកបំភ្លឺថា៖ អ្នកបើកបរ ត្រូវមានឯកសារភ្ជាប់ពេលធ្វើចរាចរណ៍ដូចខាងក្រោម៖

    ១.បណ្ណបើកបរ (ច្បាប់ដើម ហ្ស៊ីន)
    ២.បណ្ណសំគាល់យានយន្ត ( ច្បាប់ចម្លងមានការបញ្ជាក់ត្រឹមត្រូវ ” បញ្ជាក់ពីអាជ្ញាធរខណ្ឌស្រុកក្រុង ” )
    ៣-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ( ច្បាប់ចម្លងមានការបញ្ជាក់ត្រឹមត្រូវ ” បញ្ជាក់ពី អាជ្ញាធរខណ្ឌស្រុកក្រុង ” )

    ដោយឡែក ឯកឧត្ដម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានបំភ្លឺបន្ថែមថា តាមគោលការណ៍ច្បាប់ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានឯកសារច្បាប់ដើមដាក់តាមខ្លួន។ ប៉ុន្តែដោយមើលឃើញ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលទិញរថយន្តបង់រំលោះ និងបងប្អូនដែលយកបណ្ណសំគាល់យានយន្តទៅដាក់បញ្ចាំ ក៏ដូចជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន មន្ត្រីជំនាញបានស្នើសុំគោលការណ៍សម្រេចជាថ្មីពីថ្នាក់ដឹកនាំ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដោយតម្រូវអោយយកតែបណ្ណបើកបរ ប៉ុណ្ណោះជាច្បាប់ដើម។ ដោយឡែក បណ្ណសំគាល់យានយន្ត និង វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត អាចប្រើប្រាស់ឯកសារថតចម្លងបានតែត្រូវមានការបញ្ជាក់ពីអាជ្ញាធរក្រុង ខណ្ឌ ស្រុក ។

    សូមអរគុណចំពោះ អង្គភាព ស្ថាប័ន និង មន្ត្រីពាក់ព័ន្ធ ដែលបានសម្រួលដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ៕

    ប្រភព៖ Pheng Vannak News

    Share This Post: