ព័ត៌មានជាតិ

អភិបាលខេត្ត តាកែវ ចេញមុខបដិសេធថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ មិនស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តទេ គឺក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ

BY
Khmernote Media
August 6, 2022

បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ នៅតែជារឿងក្តៅមួយដែលប្រជាពលរដ្ឋអ្នកនិយមលេង Facebook បង្ហាញពីប្រតិកម្មរបស់ខ្លួន ទោះបីជារដ្ឋបាលព្រៃឈើបានធ្វើសេចក្តីជូនដំណឹងនិងធ្វើការបកស្រាយយ៉ាងណាក្តី។ ក្នុងនោះដែរលោក តាន់ គីមសួរ ដែលជាអ្នកឈឺឆ្អាលរឿងនេះក៏បានបង្ហោះសារខ្លីមួយថា៖ “អភិបាលខេត្តតាកែវស្ងាត់ឲ្យជ្រាប គាត់ឈឺឬយ៉ាងណា បងប្អូនមានដឹងដំណឹងពីគាត់ទេ? ភ្ញៀវមកលេងពេញផ្ទះហើយ តែអត់ឃើញម្ចាស់ផ្ទះចេញមកទទួលសោះ”។

ភ្លាមៗឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចេញមកបកស្រាយនៅក្នុង Comment លោក តាន់ គីមសួរ ថា៖ “ខ្ញុំ អ៊ូច ភា អភិបាលខេត្ត តាកែវ សូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រង ផ្ទាល់ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតាកែវនោះទេ ។ រាល់ការចាត់ចែកទាំងឡាយវាជាសិទ្ឋរបស់ក្រសួង ខេត្តមិនមានសិទ្ឋនោះទេ ។ សូមបង ប្អូនជនរួមជាតិទាំងអស់កុំមានការយល់ច្រឡំលើ រូបខ្ញុំ ។ ខ្ញុំនិយាយនេះកុំអោយបងប្អូន ចេះតែវាយប្រហារលើរូបខ្ញុំ ។ ម្សិលមិញខ្ញុំឃើញរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីបំភ្លឺដែរហើយ ខ្ញុំគិតថាបងប្អូនពិតជាយល់ ។ បើបង្អូនចង់ដឹងការពិតត្រូវតែទៅពិនិត្យមើលសួនសត្វភ្នំតាម៉ៅដោយផ្ទាល់ ថាតើគេឈួសឆាយសួនសត្វនោះឬគេ កំពុងរក្សាការពារ ។ សូមអរគុណ”៕

Share This Post: