ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ា ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងប្រគល់ជូនសមត្ថកិច្ចចាត់ចែងតាមផ្លូវច្បាប់

BY
srey nuch
August 6, 2022

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។ សូមបងប្អូនសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។

សូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អទាំងអស់គ្នា! វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំ កើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល៕

Share This Post: