ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អត់លុយបង់ឲ្យធនាគារប្រចាំខែ ប្រឌិតរឿងថា ត្រូវចោរឆក់កាបូបអស់៦០០ដុល្លារ ព្រោះខ្លាចប្ដីខឹង ចុងក្រោយត្រូវសមត្ថកិច្ចស្រាវជ្រាវដឹង

    BY Khmernote Media August 6, 2022
    អត់លុយបង់ឲ្យធនាគារប្រចាំខែ ប្រឌិតរឿងថា ត្រូវចោរឆក់កាបូបអស់៦០០ដុល្លារ ព្រោះខ្លាចប្ដីខឹង ចុងក្រោយត្រូវសមត្ថកិច្ចស្រាវជ្រាវដឹង

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសំពៅលូន បានចុះធ្វើការស្រាវជ្រាវ ករណីផ្ដល់សក្ខីកម្មក្លែង (ប្រឌិតព័ត៌មានចោរឆក់កាបូប) ចំនួន ០១លើក ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

    ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ឋីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន។

    នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០ នាទី នៅលើដងផ្លូវជាតិលេខ៥៧បេ ស្ថិតក្នុងក្រុមទី១២ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីផ្ដល់សក្ខីកម្មក្លែង (ប្រឌិតព័ត៌មានចោរឆក់កាបូប) ចំនួន ០១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ចៅ លី ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

    បានធ្វើសកម្មភាពរាយការណ៍ជូនមកសមត្ថកិច្ចថា មានករណីចោរឆក់កាបូបរបស់គាត់ ពេលកំពុងជិះម៉ូតូ យកប្រាក់អស់ចំនួន ៦០០ដុល្លារ ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចយើងបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ដោយបានធ្វើការសាកសួរសាក្សីដោយផ្ទាល់មាត់ជុំវិញទីកន្លែងកើតហេតុ និងផ្អែកលើភស្តុតាង ដែលចាប់យកបាន ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា គាត់ពិតជាបានប្រឌិតព័ត៌មានថា មានចោរឆក់កាបូបរបស់គាត់ពិតប្រាកដមែន មូលហេតុគាត់មិនមានប្រាក់ សម្រាប់បង់ឲ្យធនាគារប្រចាំខែ ហើយប្រាក់ដែលខ្ចីពីកូនចំនួន ៦០០ដុល្លារ ដែលត្រូវបង់ឲ្យធនាគារ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ត្រូវបានប្អូនថ្លៃនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខ្ចីមិនទាន់សង ទើបគាត់ប្រឌិតរឿងថា មានករណីចោរឆក់ការបូបនេះឡើង ព្រោះខ្លាចប្ដីខឹង។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចយើងបានធ្វើការអប់រំណែនាំ ចុះកិច្ចសន្យា និងឲ្យក្រុមគ្រួសារធានាខ្លួនវិលត្រឡប់ទៅមូលដ្ឋានវិញ ៕

    ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសំពៅលូន

    Share This Post: