ប្រតិភូកីឡាប៉ារ៉ាឡាំពិកវិលត្រឡប់មកដល់មាតុប្រទេសវិញ ជាមួយនឹងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានវិលត្រឡប់មកមាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២ ជាមួយនឹងការផ្តល់ការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដោយរៀបចំក្បួនដង្ហែនៅតាមដងវិថីសំខាន់ៗនានា យ៉ាងអធិកអធម បន្ទាប់ពីបំពេញបេសកកម្មដណ្តើមមេដាយជូនជាតិ ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២២។

ក្រុមប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត នៅក្នុងឱកាសទទួលដំណើរនិវត្តន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC)។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញទទួលទង់អាស៊ានប៉ារ៉ាហ្គេម សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះបន្តវេន លើកទី១២ ឆ្នាំ២០២៣ ពីឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលទង់ពីម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ជាផ្លូវការ ក្នុងពិធីបិទការប្រកួតអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា «ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឆ្នើម និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានកិត្តិយសដ៏ឧត្តុងឧត្តម ដែលបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីទទួលទង់អាស៊ានប៉ារ៉ាហ្គេមពីប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីការទទួលទង់ស៊ីហ្គេម ពីប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីនេះនាពេលកន្លងមក»។
សម្តេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC សម្តេចពិជ័យសេនា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូកីឡាជនមានពិការភាពកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយឯកឧត្តម យី វាសនា នាយបេសកកម្ម ប្រធានប្រតិភូកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម ដែលបានដឹកនាំប្រតិភូកីឡា ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកកម្មជាតិដ៏ឧត្តុងឧត្តមនាពេលនេះ។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរដោយស្មោះចំពោះបងប្អូនកីឡាករ កីឡាការិនីជនមានពិការភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពខ្លួនក្នុងការប្រកួតគ្រប់វិញ្ញាសា ទទួលបានមេដាយចំនួន ២៨គ្រឿង ក្នុងនោះមាន មេដាយមាស៧គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរឹទ្ធិ១១ ដោយបានបំបែកឯកត្តកម្មចាស់ នៃការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាពិការភាព នៅប្រទេសមួយចំនួននាពេលកន្លងមក។
សម្តេចពិជ័យេសេនា ទៀ បាញ់ សង្កត់ធ្ងន់ថា «ជោគជ័យនេះបានបង្ហាញថា ជនពិការភាពមិនមែនអសមត្ថភាពឡើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ លើកកម្ពស់ និងជំរុញស្មារតីជួយឧបត្ថមគាំទ្របន្ថែមទៀតដល់ការលះបង់ ការតស៊ូ ការព្យាយាម ការអំណត់អត់ធ្មត់ ស៊ូទ្រាំគ្រប់ការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីជនពិការរបស់យើង ហើយត្រូវយកចិត្តទុកដាក់ដល់ជីវ ភាពរស់នៅ ការហាត់ហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិពិការ ក្នុងស្មារតីអភិវឌ្ឍន៍វិស័យកីឡា ប្រកបដោយគុណភាព គុណផល និងសមត្ថភាពកីឡាដ៏រឹងមាំ សម្រាប់ឆ្ពោះទៅដណ្តើមជោគជ័យ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា»។
ការទទួលទង់អាស៊ានប៉ារ៉ាហ្គេម ពីប្រទេសឥណ្ឌូណេស៊ីជាផ្លូវការនាពេលនេះ រួមជាមួយការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយរបស់កម្ពុជា សហព័ន្ធកីឡាជនពិការអាស៊ានបានផ្តល់សិទ្ធិពេញលេញដល់កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នាពេលខាងមុខ។ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយគ្នានេះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវជាសាធារណៈដល់ប្រជាពលរដ្ឋ យុវជនទូទាំងប្រទេសចូលរួមរៀបចំខ្លួន ត្រៀមអបអរសាទរលើកទឹកចិត្ត និងផ្តល់ស្នាមញញឹមដល់ប្រតិភូកីឡាជនមានពិការភាព មកពីបណ្ដាប្រទេសសមាជិកអាស៊ាន ឱ្យមានភាពកក់ក្ដៅ និងជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនី មានពិការភាពឱ្យបានគ្រប់ៗ គ្នា។
ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ ឆ្នាំ២០២៣ សម្តេចពិជ័យសេនាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ខ្ពស់វិស័យកីឡានៅកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័ យទាំងហេដ្ឋរចនាសម្ព័ន្ធ និងធនធានមនុស្ស បានលើកតម្កើងមុខមាត់ កេរ្តិ៍ឈ្មោះកម្ពុជា និងបានបង្ហាញសក្តានុពលជាតិទៅកាន់តំបន់ និងពិភពលោក។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់ការលើកទឹកចិត្តតាមរយៈផ្តល់យន្តហោះពិសេស ដឹកជញ្ជូនប្រតិភូកីឡាកម្ពុជាធ្វើដំណើរ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់ផងដែរ ៕




ប្រភព៖ ក្រសួងព័ត៌មាន