ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យបិទដេប៉ូខ្សាច់ ៤ទីតាំង ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ក្រោយបង្កភាពអសកម្មមិនឈប់ឈរ និងមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់លោក ប្រាក់ វ៉ាន់ដា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាឱ្យបិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ក្រោយបង្កភាពអសកម្មមិនឈប់ឈរ និងមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ។

លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា ការចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះដោយសារម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូជាដើម ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។
លោក ស៊ុយ សេរិទ្ធ បន្ថែមថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង មិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធ ដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែកើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។ គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ តែកំពុងធ្វើអាជីវកម្មតែ៤ទីតាំងប៉ុណ្ណោះ៕








ប្រភព៖ លោក ប្រាក់ វ៉ាន់ដា Prak Vanda