ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៦ ខែសីហា កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី៧ អាចនឹងមានភ្លៀងធ្លាក់ច្រើន ប្រឈមនឹងជំនន់ទឹកភ្លៀងក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖

-នៅចន្លោះថ្ងៃទី១០-១៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នៅអំឡុងពេលនោះដែរ ខ្យល់មូសុងនិរតីបន្តបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ។
-បន្ទាប់ពីនោះកម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌូ និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.តំបន់ទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
-នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចភ្លៀងបង្គួរដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២.តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
-នឹងអាចមានភ្លៀងនៅ ក្នុងកម្រិតពី តិចទៅទៅបង្គួរលាយឡំទៅដោយ ផ្គររន្ទះនិងខ្យល់កន្ត្រាក់។
៣។តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
-នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។
-នៅចន្លោះថ្ងៃទី១០-១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួននៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ ។ បន្ទាប់ពីនោះភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យម៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
