ក្រសួងធនធានទឹក បញ្ជាក់ថា អាកាសធាតុកំពុងប្រែប្រួលដោយសារឥទ្ធិពលព្យុះទី៧ អាចបណ្ដាលឱ្យទឹកទន្លេហក់ឡើងខ្ពស់ ក្នុងរយៈពេលពី ៤ទៅ៥ថ្ងៃខាងមុខនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពទឹកទន្លេមេគង្គ (ពិសេសលើដៃទន្លេបី នៃភូមិភាគឦសាន។

យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន (MULAN) បណ្ដាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
-ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៤ ទៅ៥ថ្ងៃ ខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្ដាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកអាចនឹងឡើងដល់កម្ពស់ ៨,៥០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់១២,០០ម៉ែត្រ។
-ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរទៅតាមបណ្ដាព្រែកមួយចំនួន។
-ទឹកទន្លេនៅតំបន់ឦសាន រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពល ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology