ព័ត៌មានជាតិ
អាជ្ញាធរស្រុកកោះញែក កំពុងចាត់វិធានការត្រៀមទូក សំរាប់ជួយសម្រួលដល់ពលរដ្ឋ ខណៈទឹកនៅទន្លេស្រែពកហក់ឡើងខ្លាំង បង្កជាទឹកជំនន់
BY Khmernote Media
August 9, 2022
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរស្រុកកោះញែក នៅខេត្តមណ្ឌលគិរី កំពុងចាត់វិធានការត្រៀមទូក សំរាប់ជួយសម្រួលដល់ពលរដ្ឋ ខណៈពេលដែលស្ថានភាពទឹក ជំនន់នៅទន្លេស្រែពក មានការហក់ឡើងខ្លាំងគិតត្រឹមរសៀលថ្ងៃទី០៩ ខែសីហានេះ។

សេចក្តីរាយការណ៍មួយពីស្រុកកោះញែក បានបញ្ជាក់ថា ទឹកបានហូរច្រោះដីក្បាលស្ពានបាឡេ ឆ្លងទៅភូមិជីមៀត ឃុំណងឃីលឹក បណ្តាលឱ្យកកស្ទះការធ្វើដំណើរ។ អាជ្ញាធរស្រុកកោះញែកបានរាយការណ៍មកថា កត្តាដែលនាំឱ្យមានទឹកជំនន់ ជន់ហក់ឡើងលឿនបែបនេះ ដោយសារតែទ្វារទឹកនៃវារីអគ្គីសនី នៅឯភាគីប្រទេសវៀតណាមបានបើក បូករួមទាំងមានភ្លៀងធ្លាក់ជាប់ៗគ្នា ទើបបង្កឱ្យមានការជនលេចបែបនេះ។ នៅវេលារសៀលថ្ងៃទី០៩ ខែសីហានេះទឹកទន្លេស្រែពក មានកម្ពស់ជាង១០ម៉ែត្រ ដែលជាចំណុចជិតប្រកាសអាសន្នហើយ ៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក