រដ្ឋមន្រ្តីមហាផ្ទៃ៖ ទោះជាភាគីអាម៉េរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះ ជាមូលដ្ឋានក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បើទោះជាភាគីអាម៉េរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះ ជាមូលដ្ឋានមួយក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នាថ្ងៃ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការ បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ យោងតាមផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំប្រកបដោយឆន្ទៈមោះមុតក្នុងការតស៊ូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេសលើស្ត្រី និងកុមារ ដើម្បីការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាជនបរទេសដែលរស់នៅកម្ពុជា មិនឱ្យធ្លាក់ទៅក្នុងគ្រោះភ័យអន្តរាយដោយអំពើទាសភាពសម័យថ្មីនេះបានឡើយ។
សម្តេចបានបន្តថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវបណ្តាគោលការណ៍ ផែនការ និងវិធានការជាអាទិភាព ព្រមទាំងដឹកនាំអនុវត្តន៍កិច្ចការនេះ ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ។ ក្នុងនោះបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនគ្រប់ស្រទាប់ ឱ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រមទាំងបានបើកកិច្ចប្រតិបត្តិការយ៉ាងសកម្ម ក្នុងការបង្ក្រាបអំពើជួញដូរមនុស្សជាច្រើនករណី រំដោះជនរងគ្រោះច្រើនពាន់នាក់ និងបានឧបត្ថម្ភ គាំទ្រក្នុងការធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍ដោយជោគជ័យ។
សម្រាប់សម្តេច ដើម្បីជំរុញឱ្យបានខ្លាំងក្លាថែមទៀត នូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការ មានខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕

ប្រភព៖ ក្រសួងព័ត៌មាន