ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឱ្យតឹងរុឹង និងមុឺងម៉ាត់បំផុត ចំពោះម្ចាស់គ្លីនិកឯកជន ដែលបានយកឡានពេទ្យរបស់ខ្លួន ទៅដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវខុសច្បាប់ ដែលក្រសួងបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួង

    BY Khmernote Media August 15, 2022
    ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឱ្យតឹងរុឹង និងមុឺងម៉ាត់បំផុត ចំពោះម្ចាស់គ្លីនិកឯកជន ដែលបានយកឡានពេទ្យរបស់ខ្លួន ទៅដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវខុសច្បាប់ ដែលក្រសួងបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួង

    យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល ស្តីពីការពង្រឹង និងចាត់វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ បានឲ្យដឹងថា៖

    រយៈកាលកន្លងមកក្រសួងសុខាភីបាលបានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាតឲ្យគ្លីនិកឯកជនយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។ ប៉ុន្តែបច្ចុប្បន្ននេះ សង្កេតឃើញមានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាពយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិកទៅដឹកអ្នកគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ រហូតដល់មានការឈ្មោះប្រកែកដណ្តើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្តីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចរាចរនៅតាមដងផ្លូវ។

    អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឹងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួងសុខាភីបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល តាមការគួរ៕

    Share This Post: