ធនាគារ ស្ថាបនា ចាប់ដៃគូជាផ្លូវការ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីប្រែក្លាយភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ដូចជា ម៉ាស៊ីនអេធីអឹម
- BY
- Liny Chan
- August 16, 2022
ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ ធនាគារស្ថាបនាដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រ កម្ពុជា បានចាប់ផ្តើមកិច្ចសហការដៃគូជាផ្លូវការជាមួយក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ ល្បីឈ្មោះមួយនៅកម្ពុជា។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារស្ថាបនាអាចដកសាច់ប្រាក់ពីភ្នាក់ងារទ្រូម៉ាន់នី ណាមួយក្នុង ចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង ១ម៉ឺនទីតាំង នៅទូទាំងប្រទេសដែលមានភាពងាយស្រួលដូចទៅនឹងការដកប្រាក់ ពី ម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះដែរ។
លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «នៅ ធនាគារ ស្ថាបនា យើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការច្នៃប្រឌិតដើម្បីបន្តបម្រើអតិថិជនរបស់យើង ឱ្យកាន់តែល្អប្រសើរឡើង។ ការប្រែក្លាយរាល់ភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ឱ្យដូចនឹង ម៉ាស៊ីន អេធីអឹម អាចឱ្យយើងផ្តល់សេវាធនាគារ ប្រចាំថ្ងៃកាន់តែងាយស្រួលដល់អតិថិជនរបស់យើងមិនថា ពួកគេរស់ នៅ ទីណានោះទេ។ ជាក់ស្តែងណាស់សេវាធនាគារដ៏ទូលំទូលាយមួយនេះ អនុញ្ញាតឱ្យឪពុកម្តាយផ្ញើប្រាក់ទៅកូនៗ នៅ ទីក្រុង ឬ ឪពុកដែលធ្វើការ នៅទីក្រុងអាចផ្ញើប្រាក់ទៅម្តាយរបស់ពួកគាត់នៅឯខេត្តបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត ខណៈពេលដែលយើងមាន ម៉ាស៊ីនអេធីអឹម និង បណ្តាញ សាខាយ៉ាងទូលំទូលាយទូទាំងប្រទេស ភាពជាដៃគូជាមួយក្រុមហ៊ុនទ្រូម៉ាន់នីនេះ នឹងពង្រឹង វិសាលភាព និងផ្តល់ជម្រើស កាន់តែច្រើនបន្ថែមទៀតដល់អតិថិជនរបស់យើង»។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា គ្រប់គ្រងផ្នែកយុទ្ធសាស្រ្តនៃក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) បានមាន ប្រសាសន៍ថា៖ «សេវាធនាគារ និងហិរញ្ញវត្ថុ ដែលក្រុមហ៊ុននានា ផ្តល់ជូនកំពុងមានភាពប្រសើរឡើងពីមួយថ្ងៃ ទៅ មួយថ្ងៃនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ យើងនឹងអាចរំពឹងថា នឹងធ្វើឱ្យកាន់តែទំនើបបន្ថែមទៀត និង ផ្តល់ជូនសេវាកម្មតម្លៃបន្ថែមផ្សេងៗ ដែលនឹងផ្តល់ឱ្យកម្ពុជានូវសេវាកម្ម ហិរញ្ញវត្ថុ និង ទូទាត់ ប្រកប ដោយ ប្រសិទ្ធភាព និងរលូន»។

ដើម្បី ជំរុញ កិច្ចសហប្រតិបតិ្តការនេះឱ្យកាន់តែល្អប្រសើរធនាគារស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស “ ឥតគិតថ្លៃសេវារយៈពេល ៣ ខែ” ដល់អតិថិជនរបស់ធនាគារស្ថាបនាដែលដកប្រាក់នៅ ភ្នាក់ងារ ទ្រូម៉ាន់នី ដោយមុខងារ “Human ATM” នៅ លើកម្មវិធីស្ថាបនាម៉ូបាល (Sathapana Mobile) ដែល ជាកម្មវិធីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព។ ប្រាកដណាស់សេវាមួយនេះនឹងនាំមកនូវសេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនដល់អតិថិជន និងផ្តល់សេវាដកប្រាក់ប្រកបដោយភាពងាយស្រួលរហ័ស និងសុវត្ថិភាព។
ប្រូម៉ូសិននេះ នឹងផ្តល់ជូនអតិថិជនចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះតទៅហើយ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ កិច្ចសហប្រតិបត្តិការរវាងធនាគារ ស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី នឹងកើតមានបន្ថែមទៀតក្នុងពេលឆាប់ៗនេះ៕

អំពីធនាគារស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
អំពីក្រុមហ៊ុនទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។
TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លី បំផុត។ បច្ចុប្បន្នទ្រូម៉ាន់នីមានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្នទ្រូម៉ាន់នីមានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយ មាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ពោល គឺចំនួន ៨ពាន់លានដុល្លា អាមេរិកក្នុងឆ្នាំ២០១៩។ លើសពីនេះកម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕
- Share This Post:






