ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី អាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យភូមិសាស្ត្រមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖

ព្រះរាជាណាចក្រកម្ពុជាទទួលរង ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១.តំបន់ទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C
-នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិច ទៅបង្គួរក្នុងនោះក៏មាន ច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹក ភ្លៀងដែលនឹងអាចធ្លាក់បន្តបន្ទាប់នេះ នឹងអាចធ្វើឲ្យភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី។
២. តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមាមានពី២២-២៤°C
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C
-នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី តិចទៅទៅបង្គួរ និងច្រើនដោយអន្លើលាយឡំទៅដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹកភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់នោះ នឹងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រមួយចំនួននៃបណ្តាខេត្តមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។
៣.តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
-នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology