វ៉ាក់សាំងបង្ការកូវីដ១៩ ប្រភេទ Pfizer ចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអេស្ប៉ាញបានដឹកមកដល់កម្ពុជាហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឱ្យដឹងថា នារាត្រីថ្ងៃអង្គារ៍ ៤រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំសណ្តាប់ធ្នាប់ សម្របសម្រួល ចូលរួមទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារចំនួន ៣០០.០០០ (បីរយពាន់)ដូសបន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា ៕





ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI