ព័ត៌មានជាតិ

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ ក្រសួងកំពុងរៀបចំភ្ជាប់ប្រព័ន្ធអិនធឺណិត​ភ្ជាប់​កាមេរ៉ា​សុវត្ថិភាពនៅផ្លូវជាតិលេខ៣ ដើម្បីចាប់អ្នកមិនគោរពច្បាប់ចរាចរណ៍ទៅពិន័យដល់ផ្ទះ

BY
srey nuch
August 18, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​គូស​បញ្ជាក់ថា ក្រសួងសាធារណការបាននិងកំពុងរៀបចំ​ភ្ជាប់ប្រព័ន្ធអិនធឺណិតភ្ជាប់​ជាមួយ​​កាមេរ៉ា​សុវត្ថិ​ភាពនៅលើផ្លូវជាតិលេខ៣​ដើម្បីចាប់អ្នកបើកបរមិនគោរព​ច្បាប់​ចរាចរ​ណ៍នៅលើដងផ្លូវ ហើយផាកពិន័យដល់ផ្ទះតែម្តង។

ការគូសបញ្ជាក់របស់ ឯកឧត្តមទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការ​ងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និង​ដឹកជញ្ជូន។

ឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងថា ឆ្នាំនេះក្រសួងនឹងបើកការ​សាង​សង់​ផ្លូវលេខ៣១, លេខ៣៣ និងផ្លូវលេខ៤១ ហើយក៏បានចរចាដាក់កាមេរ៉ា​នៅលើផ្លូវ​ទាំងបីនេះផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្ដីលើកឡើងថា នៅផ្លូវជាតិលេខ៣ បានបំពាក់​កាមេរ៉ា ចាប់ល្បឿន ប៉ុន្តែមិនទាន់បានអនុវត្តន៍ពេញលេញនៅឡើយ ដោយសារការតភ្ជាប់​ប្រព័ន្ធអិនធឺណិតមានការយឺតយ៉ាវបន្តិច ហើយខាងសមត្ថកិច្ចបានកំពុងខិតខំប្រឹងប្រែង សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ដើម្បីតភ្ជាប់ប្រព័ន្ធ​អិនធឺ​ណិត ជាមួយកាមេរ៉ាចាប់ ខណៈពេលចាប់បានហើយ គឺចេញវិក្កយបត្រទៅ​ដល់ផ្ទះ​តែម្តង។

​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់បន្ថែមថា៖ «កាមេរ៉ាផ្លូវជាតិ​លេខ​៣​ថតច្បាស់ណាស់ ថតបានទាំងអស់ អីចឹងយើងត្រៀមដូចគ្នានៅផ្លូវជាតិលេខ៣១, ៣៣ និងផ្លូវលេខ៤១ ហើយយើងកំពុងពិភាក្សាជាមួយជប៉ុន ដាក់កាមេរ៉ាដែរ នៅផ្លូវ​ជាតិលេខ៧»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: