ក្រសួងសុខាភិបាល ហាមឃាត់ម្ចាស់គណនីហ្វេសប៊ុកមួយ លក់ឱសថព្យាបាលកូវីដ-១៩ MOLNUPIRAVIR ដែលគ្មានការទទួលស្គាល់ពីក្រសួង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីឈ្មោះ Mak Kim Long Online Shop ដែលបានផ្សព្វផ្សាយលក់ឱសថព្យាបាលជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ Mak Kim Long Online Shop កំពុងផ្សព្វផ្សាយលក់ឱសថ MOLNUPIRAVIR(MOALNATRIS) គ្មានលេខបញ្ជិកា ដូចមានភ្ជាប់ក្នុងរូបភាពមកជាមួយ ព្រមទាំងមានលក់តេស្តរហ័សរកវីរុសកូវីដ-១៩ មួយចំនួនទៀតផងដែរ។
ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់បណ្ដាលពីការប្រើប្រាស់ផលិតផលខាងលើនេះ ក៏ដូចជាពេលវេលាក្នុងការព្យាបាលត្រឹមត្រូវ និងខាតបង់ប្រាក់កាសរបស់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាលសូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ឱសថ និងឧបករណ៍បរិក្ខារពេទ្យគ្រប់ប្រភេទ ដែលលក់តាមប្រព័ន្ធអនឡាញជាបន្តទៀត ព្រោះផលិតផលទាំងនេះភាគច្រើនផលិតផលខុសច្បាប់ ហើយអាចជា ផលិតផលក្លែងក្លាយទៀតផង ៕


