ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសស្នាក់នៅកម្ពុជា បានចាប់ផ្តើមហើយ កាលពីថ្ងៃទី១៨ ខែសីហា

    BY Khmernote Media August 19, 2022
    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសស្នាក់នៅកម្ពុជា បានចាប់ផ្តើមហើយ កាលពីថ្ងៃទី១៨ ខែសីហា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា សមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសដែលស្នាក់នៅកម្ពុជាហើយ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ សម្តេចថា ប្រតិបត្តិការម្សិលមិញនេះ បានធ្វើនៅខេត្តព្រះសីហនុ ខេត្តកណ្តាល និងជាបន្តបន្ទាប់ទៀតនៅគោលដៅផ្សេងៗទៀត ដែលសម្តេចសុំមិនទាន់បញ្ចេញឱ្យដឹង។

    ក្នុងកិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មានក្រោយដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារ អន្តរក្រសួង ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែសីហានេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា បេសកកម្មដែលសមត្ថកិច្ចបើកប្រតិបត្តិការនេះគឺដើម្បីជួយសង្រ្គោះជនរងគ្រោះ និងចាប់មេ ខ្លោងដើម្បីយកមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់។ សម្តេចបន្តថា នៅខេត្តកណ្តាលនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធដូចជាមេការ និងជនរងគ្រោះមួយចំនួន។ ដោយឡែកនៅខេត្តព្រះសីហនុក៏ដូចគ្នានេះដែរ។

    ពាក់ព័ន្ធនឹងករណីនេះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានតាមដាន ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន៧៤ករណី ថយចុះ១២៤ករណី ធៀបនឹងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូង ចំនួន៨៣នាក់ អនីតិជន៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន១២នាក់ ស្មើ៤សញ្ជាតិ។ សមត្ថកិច្ច ក៏បានសង្គ្រោះជនរងគ្រោះ១៥៦នាក់ ក្នុងនោះស្រី១០៥នាក់ អាយុក្រោម១៥ឆ្នាំ ចំនួន៦០នាក់។

    ក្នុង៦ខែដើម ឆ្នាំ២០២២នេះដែរ សាលាដំបូងរាជធានី-ខេត្ត បានធ្វើចំណាត់ការ លើបទល្មើសក្រោមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយជាលទ្ធផលមាន៣ដំណាក់កាល គឺដំណាក់កាលអយ្យការអមសាលាដំបូង សរុប១៩៥ សំណុំរឿង មានជនត្រូវចោទ១១១នាក់, ដំណាក់កាលចៅក្រមស៊ើបសួរ មាន១៧៨សំណុំរឿង មានជនត្រូវចោទ២៥០នាក់ និងដំណាក់កាលចៅក្រមជំនុំជម្រះមាន២៨០សំណុំរឿង មានជនត្រូវចោទ៣៤៨នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: