សូមប្រយ័ត្ន! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែសីហា នៅតាមបណ្តាខេត្តក្នុងភូមិសាស្ត្រចំនួន៥នេះ អាចប្រឈមនឹងជំនន់ទឹកភ្លៀង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖

យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់ លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ជ្រលងសម្ពាធទាបឥណ្ឌា និងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលកើតសារជាថ្មីអូសបន្លាយនៅលើភាគខាងជើងកម្ពុជា ស្ថិតក្នុងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្មមួយស្ថិតនៅក្នុងសមុទ្រតុងកឹង គួបផ្សំនឹងការបង្កើនល្បឿនបក់នៃរបបខ្យល់មូសុងនិរតីផងនោះ នឹងធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានស្ថានភាព៖
-បណ្តាខេត្តនៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតកើនឡើងពីមធ្យមទៅច្រើន។ ស្ថានភាពបែបនេះ នឹងអាចបង្កឲ្យ តំបន់ផ្ទៃរងទឹកភ្លៀង ទីទំនាបជាប់ផ្លូវទឹកនៅតាមបណ្តាខេត្តក្នុងភូមិសាស្ត្រទាំងនោះ ដែលទទួលបាននូវបរិមាណទឹកភ្លៀងច្រើនកន្លងរួចមកហើយ មានជាអាទិ៍ ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង។
-បណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើនៅតាមតំបន់ខ្លះ។
ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែលអាចធ្វើឲ្យទឹកទន្លេ មានការហក់ឡើងសារជាថ្មី៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology