EDC ធ្វើការបញ្ជាក់ពីមូលហេតុ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងទាំងនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន កាលពីវេលាទៀបភ្លឺ
យោងតាមការបញ្ជាក់ពីអគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៣:៤៩នាទីទៀបភ្លឺ មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។

ហើយវេលាម៉ោង០៥:០០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៨ (GS58-F2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់វាលវង់ ខណ្ឌ៧មករា (២) សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន គឺក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងស្ដារប្រព័ន្ធភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៦:៣០នាទីព្រឹក។ ការដាច់ចរន្តនេះបានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ១,០១០មេហ្គាវ៉ាត់។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ
