ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនប់ទឹកមួយដ៏ធំ និងផ្លូវបេតុង១ខ្សែ នៅលើខ្នងភ្នំដងរែកបានរងការបាក់ស្រុត ហូរច្រោះដាច់ជាអន្លើៗ ដោយសារទឹកភ្លៀង

    BY Khmernote Media August 22, 2022
    ទំនប់ទឹកមួយដ៏ធំ និងផ្លូវបេតុង១ខ្សែ នៅលើខ្នងភ្នំដងរែកបានរងការបាក់ស្រុត ហូរច្រោះដាច់ជាអន្លើៗ ដោយសារទឹកភ្លៀង

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃមក នេះ ភ្លៀងបានបង្អុរចុះមកស្រោចស្រព លើភ្នំដងរែក និងដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ធ្វើឱ្យទំនប់មួយដ៏ធំនៅលើខ្នងភ្នំ រងការហូរច្រោះ បាក់ស្រុត និងផ្លូវបេតុង ១ខ្សែ ក៏បានរងការច្រោះដាច់ដោយអន្លើៗ ផងដែរ។

    លោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជាការកងពល តូចអន្តរាគមន៍លេខ៨ អម ដំណើរដោយលោកវរសេនីយ៍ ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការ នៃកងពលតូចអន្តរាគមន៍លេខ ៨ នៅថ្ងៃទី២១ សីហា ២០២២ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះទប់ទំនប់ កាយរុក្ខជាតិ ដើមឈើ ដុំថ្ម និងកាយដី ដែលបាក់ធ្លាក់លើផ្លូវចេញ។

    លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការ នៃកងពល តូចអន្តរាគមន៍លេខ៨ បានថ្លែងឱ្យដឹងថា ទំនប់ទឹកដ៏ធំ ១កន្លែង ដែលកំពុងរងការហូរច្រោះ បាក់ស្រុតទាំងស្រុង ដោយសាររំហូរទឹកភ្លៀងធ្លាក់ ចុះមកប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គឺជាទំនប់ទឹកអន្លង់ក្រពើ មានទីតាំងនៅលើខ្នងភ្នំដងរែកហើយនៅក្នុងពេលនេះ កងកម្លាំងបាន និងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ទំនប់នោះហើយ។ ចំណែក ផ្លូវបេតុង ១ខ្សែ ឡើងទៅកាន់ភ្នំតាង៉ោល ក៏បានរងការហូរច្រោះដាច់ បាក់ដី និងជ្រុះដុំថ្មសង្កត់លើ ដោយសារទឹកភ្លៀង អស់ជាច្រើនកន្លែង មិនអាចធ្វើដំណើរឡើងភ្នំបានឡើយ។

    លោកវរសេនីយ៍ឯក ជា ឈុន បានស្នើដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹង អូរ និងតំបន់ដែលងាយរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងកើតមាន ឡើងនូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុណាមួយ ដោយសារមានការធ្វេសប្រហែស៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: