រដ្ឋបាលខេត្តបាត់ដំបង បង្ហាញប្លង់រង្វង់មូលលោកតាដំបងក្រញូង នឹងត្រូវរៀបចំកែលម្អឱ្យបានស្អាត សមជាទីកន្លែងសក្ការៈរបស់បងប្អូនទាំងអស់គ្នា
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រង្វង់មូលលោកតាដំបងក្រញូងខេត្តបាត់ដំបងនឹងត្រូវរៀបចំកែលម្អអោយបានស្អាតបាត និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះអោយបានល្អសមជាទីកន្លែងសក្ការៈរបស់បងប្អូនទាំងអស់គ្នា។

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារធ្វើសំយ៉ាបផ្ទះ ការដាក់ស្លាកយីហោ ការកំណត់ពណ៌ផ្ទះ ការរៀបចំផ្លូវដើរ ការកំណត់សណ្តាប់ធ្នាប់នៃការលក់ដូរតាមផ្ទះ និងតាមទីផ្សារនានា។ ឯកឧត្តម បានឱ្យដឹងថា ដើម្បីប្រែក្លាយតំបន់នេះអោយទៅជាតំបន់ផ្ទះអភិរក្សពេញលេញ តម្រូវអោយមានការរុះរើសំយ៉ាប និងសា្លកយីហោចាស់ ដោយដាក់ជំនួសវិញនូវសំយ៉ាប និងស្លាកយីហោថ្មីស្របទៅតាមស្តង់ដាររួមមួយ ដែលបានកំណត់ច្បាស់លាស់ទៅតាមប្លង់គំរូ។
ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុងទាំងអស់ ពន្លឿនក្នុងការរៀបចំការលាបពណ៌ផ្ទះ សម្រាប់ផ្ទះស្ថិតក្នុងតំបន់អភិរក្ស ដោយក្នុងនោះរដ្ឋបាលខេត្តបានធ្វើការកំណត់លេខកូដពណ៌ ដែលពណ៌នោះគឺជាពណ៌នៃទម្រង់ដើមនៃអគារនៅតំបន់អភិរក្សនោះតែម្ដង ដើម្បីឱ្យផ្ទះនៅតំបន់អភិរក្សនេះ មានពណ៌ដូចគ្នាផង និងដើម្បីរក្សាអត្តសញ្ញាណដើមនៃអគារទាំងនោះផង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកចូលទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ។ ក្នុងនោះឯកឧត្តម ក៏បានលើកឡើងអំពីការរៀបចំផ្លូវដើរ ចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរងាយស្រួលក្នុងការដើរ ដោយមានកម្ពស់ស្មើៗគ្នា និងមានរូបរាងដូចៗគ្នា ដើម្បីមើលឃើញថាមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ផងដែរ ៕







ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង