ក្រុមហ៊ុន សាមសុង បានណែនាំកម្មវិធី “Samsung Innovation Campus” ដើម្បីផ្តល់ឱ្យយុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាព និងឱកាសការងារនាពេលអនាគត
- BY
- Liny Chan
- August 24, 2022
សាមសុង ធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ ដើម្បីបើកដំណើរការកម្មវិធីអប់រំ ICT នៅកម្ពុជា ផងដែរ
(ភ្នំពេញ) ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងនូវកម្មវិធី Samsung Innovation Campus ដែលជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) យុវជន។

ក្នុងកម្មវិធីនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារា រដ្ឋមន្រ្តីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តមបណ្ឌិត ជេត ជាលី សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ, លោក Hark Kyu Park ប្រធានគ្រប់គ្រងសាជីវកម្មសាមសុងពិភពលោក, អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិចត្រូនិចប្រចាំទ្វីបអាស៊ីនិងអូសេអានី រួមជាមួយគណអធិបតី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ និងនិស្សិតជាង 300 នាក់ ចូលរួមក្នុងពិធីនេះ ។

សូមបញ្ចាក់ថា កម្មវិធី Samsung Innovation Campus ដែលមានដំណើរការនៅទូទាំងពិភពលោក គឺជាកម្មវិធី ផ្តល់នូវការអប់រំលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដល់និស្សិតនិងយុវជនដែលគ្មានការងារធ្វើជាច្រើន ។ ក្រៅពីជំនាញចម្បងៗដូចជា AI, IoT, Big Data, Coding និង programming, កម្មវិធី Samsung Innovation Campus ក៏បានបណ្តុះបណ្តាលជំនាញផ្នែកទន់ជាច្រើនដល់យុវជន ដើម្បីជម្រុញយុវជន ឱ្យកាន់តែមានទេពកោសល្យដែលនាំការរីចម្រើនដល់សង្គមនាពេលអនាគត ។

ក្រោយពីបញ្ចប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា លោក Hark Kyu Park ក៏បានធ្វើការទស្សនៈកិច្ចមជ្ឈមណ្ឌល Samsung Innovation Campus ដែលនឹងធ្វើការបើកដំណើរការចាប់ពីខែកញ្ញា ខាងមុខនេះតទៅ និងបានសំណេះសំណាលជាមួយ ឯកឧត្តម ឈួន ដារា អំពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា លើវិស័យបច្ចេកវិទ្យា និង ជាអ្នកដឹងនាំនាពេលអនាគតផងដែរ។ បន្ថែមពីនេះ លោក Hark Kyu Park ក៏បានធ្វើការណែនាំពីគុណសម្បត្តិនៃទីក្រុង ប៊ូសាន ដែលត្រូវជាម្ចាស់ផ្ទះសម្រាប់ពិព័រណ៍ពិភពលោក World Expo 2030 ផងដែរ។

គួររំលឹកផងដែលថា ក្រុមហ៊ុន Samsung ជាសមាជិកសកម្មផ្នែកឯកជននៃគណៈកម្មាធិការប្រជែងធ្វើជាម្ចាស់ផ្ទះ World Expo 2030 បានធ្វើសកម្មភាពយ៉ាងផុសផុលនៅជុំវិញពិភពលោក ដើម្បីឱ្យទីក្រុងប៊ូសាន ក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះ។

អំពី Samsung Electronics Co., Ltd.
Samsung ជំរុញលើកទឹកចិត្តដល់ពិភពលោក និងរៀបចំអនាគតថ្មីមួយ ជាមួយនឹងការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងពង្រឹងនិងកែប្រែឲប្រសើរឡើងនូវពិភពទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាតវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, អង្គចងចាំ memory, ប្រព័ន្ធ LSI, foundry and LED Solution ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com


- Share This Post:






