ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ហេង សួរ អំពាវនាវដល់ពលករខ្មែរធ្វើការនៅក្រៅប្រទេស កុំបោះបង់ចោលការងារ ហើយត្រឡប់មកស្រុកវិញទាំងតក់ក្រហល់ ព្រោះតែជំនឿថា ពិភពលោកលិចលង់

    BY Khmernote Media August 26, 2022
    លោក ហេង សួរ អំពាវនាវដល់ពលករខ្មែរធ្វើការនៅក្រៅប្រទេស កុំបោះបង់ចោលការងារ ហើយត្រឡប់មកស្រុកវិញទាំងតក់ក្រហល់ ព្រោះតែជំនឿថា ពិភពលោកលិចលង់

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ហេង សួរ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនៅក្រៅប្រទេសជាពិសេសប្រទេសកូរ៉េ និងជប៉ុន កុំរត់ចោលការងារវិលត្រឡប់មកកម្ពុជាទាំងតក់ក្រហល់ ដោយសារតែជំនឿថា ពិភពលោកលិចលង់ ព្រោះវានាំឱ្យបាត់បង់ការងារ និងចំណូល។

    នៅក្នុងគណនីហ្វេសប៊ុករបស់ លោក ហេង សួរ បា​នសរសេររៀបរាប់ថា៖ ខ្ញុំសូមអំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប។

    ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ក្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរពស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។ ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ បងប្អូនធ្វើបែបនេះគឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលបងប្អូនភ្ញាក់ខ្លួនហើយចង់ទៅម្តងទៀត។

    សូមបងប្អូនជឿថា ប្រសិនជាពិភពលោកនេះនឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់តែដីចំការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់។

    តាមទិន្នន័យព្យាករណ៍អាកាសធាតុដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាស្ថាប័នតាមដានការប្រែប្រួលបរិដ្ឋានអន្តរជាតិគឺមិនមានទិន្នន័យណាមួយបង្ហាញសញ្ញាថានឹងមានគ្រោះធម្មជាតិនៅក្នុងខែសីហានេះ និងខែកញ្ញានោះឡើយ។

    បងប្អូនបានដឹងខ្លួនឯងច្បាស់ណាស់ថាបងប្អូនបានទៅដល់ប្រទេសកូរ៉េ គឺដោយសារជិះយន្តហោះ មិនមែនដោយសារបងប្អូនដើរលើខ្នងរបស់ព្រះព្រហ្ម ឬជ្រែកតាមឆ្អឹងជំនីរបស់បុគ្គលនោះទេ។ ហេតុដូច្នេះសូមបងប្អូនតាំងស្មារតី យកវិទ្យាសាស្ត្រជាគោល ហើយយកអនាគតរបស់ខ្លួន គ្រួសារខ្លួន និងសង្គមជាតិខ្លួនជាធំវិញ។ សូមបងប្អូនចូលធ្វើការជាធម្មតា និងមានអារម្មណ៍ហ្នឹងហ្នរឡើងវិញ ៕

    ប្រភព៖ Heng Sour

    Share This Post: