រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងពីការប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបងនាថ្ងៃទី០៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ខាងមុខ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២២ នាថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ២០២២។

គណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២២ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់ទូទាំងខេត្តបាត់ដំបងមេត្តាជ្រាបថា៖ ខេត្តបាត់ដំបង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃចេញព្រះវស្សា នាថ្ងៃអាទិត្យ-ចន្ទ ១៤-១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយស្ទឹងសង្កែ ក្រុងបាត់ដំបង ចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី។
ដើម្បីឱ្យពិធីនេះមានភាពអធិកអធម និងប្រកបដោយបរិយាកាសសប្បាយរីករាយ គណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២២ សូមសាធារណជនទាំងអស់ ចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ ៕





ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង